រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយថា សហរដ្ឋអាមេរិកនឹងទាក់ទងជាមួយរុស្ស៊ីនៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឈានដល់ជាមួយអ៊ុយក្រែន លើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ និងជំហានឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅទីនោះ ។
ក្រោយកិច្ចប្រជុំរយៈពេលជាង ៨ម៉ោងជាមួយក្រុមមន្រ្តីអ៊ុយក្រែននៅក្នុងទីក្រុង Jeddahប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ លោកRubio និយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជូនបទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅអ៊ុយក្រែនដែលទទួលយកដោយក្រុមមន្រ្តីអ៊ុយក្រែន ដល់រុស្ស៊ី ។
អំឡុងការឈប់សំចតនៅប្រទេសអៀរឡង់ ក្រោយកិច្ចប្រជុំរវាងក្រុមមន្រ្តីសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក Rubio និយាយថា ពួកយើងទាំងអស់គ្នាកំពុងរង់ចាំយ៉ាងអន្ទះសារការឆ្លើយតបរបស់រុស្ស៊ី និងជំរុញពួកគេឲ្យពិចារណាលើការបញ្ចប់អរិភាពទាំងអស់ ។
លោកបន្តថា បើសិនជាពួកគេនិយាយថាទេ ច្បាស់ណាស់ថាដល់ពេលនោះ ពួកយើងត្រូវតែពិនិត្យមើលអ្វីៗគ្រប់បែបយ៉ាង ហើយពួកយើងយល់ច្បាស់ថាទីណាដែលពួកយើងកំពុងឈរនៅលើពិភពលោក ហើយនិងអ្វីគឺជាបំណងពិតប្រាកដរបស់ពួកគេ ។
លោកបញ្ជាក់ទៀតថា លោកគិតថា បើសិនជាពួកគេនិយាយថាទេ វានឹងប្រាប់ពួកយើងច្រើនពីអ្វីដែលជាគោលដៅរបស់ពួកគេ និងអ្វីជាគំនិតរបស់ពួកគេ ៕