ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់អាស៊ី និងអឺរ៉ុប រឹតតែត្រូវការការពង្រឹងបន្ថែមនូវភាពជាដៃគូជាមួយគ្នា ដើម្បីរក្សាកំណើនជាសកល នៅក្រោយវិបត្តិកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងសុន្ទរកថារបស់សម្ដេចដែលថ្លែងបើកវេទិកាកិច្ចប្រជុំមេដឹកនាំអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ និងត្រូវបានរៀបចំធ្វើឡើងពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ជាការពិត នៅលើពិភពលោកក្រោយវិបត្តិជំងឺកូវីដ-១៩ យើងពិតជាមានសេចក្ដីត្រូវការក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមានចីរភាពប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានការចែករំលែកផងដែរ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា តំបន់អាស៊ី និងអឺរ៉ុប រឹតតែត្រូវគោរពតាមគោលការណ៍ស្នូលរបស់ខ្លួនថែមទៀត ដោយថា តំបន់ទាំងពីរនេះកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នា។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា វេទិកាមេដឹកនាំអាស៊ី-អឺរ៉ុបនេះ បានលើកកម្ពស់ភាពជាដៃគូរវាងប្រទេសនានានៅទ្វីបទាំងពីរ ដោយឈរលើគោលការណ៍ស្នួលរបស់ខ្លួន រួមមាន ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព៕អត្ថបទ ៖ សុធី