ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្ដេជ្ញាដំឡើងពន្ធបន្ថែមទៀត បន្ទាប់ពីចំណាត់ការចុងក្រោយរបស់លោកក្នុងការដាក់ចេញវិធានការដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមចូលសហរដ្ឋអាមេរិក បានជំរុញឱ្យមានការសងសឹកពីសហភាពអឺរ៉ុប (EU) និងកាណាដា។

លោក Trump បាននិយាយថាលោកប្រាកដជានឹងឆ្លើយតបចំពោះវិធានការតបតវិញនេះ ដោយបានព្រមានម្តងទៀត ដើម្បីបង្ហាញពីពន្ធបដិការឬការដំឡើងពន្ធស្មើគ្នាទៅវិញទៅមក នៅខែក្រោយ លើប្រទេសជុំវិញពិភពលោក។

លោកថា “អ្វីដែលពួកគេគិតថ្លៃជាមួយយើង យើងនឹងគិតថ្លៃជាមួយពួកគេវិញឲ្យដូចគ្នា”។
ការគំរាមនេះបានបង្ហាញពីការកើនឡើងបន្ថែមទៀតនៃសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពរង្គោះរង្គើ ស្របពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់លើសេដ្ឋកិច្ច និងអ្នកប្រើប្រាស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Trump បានឆ្ពោះទៅមុខជាមួយនឹងផែនការពង្រីកពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូម ដោយការដំឡើងពន្ធ២៥% និងបញ្ចប់ការលើកលែងដែលសហរដ្ឋអាមេរិកបានផ្តល់កាលពីកន្លងទៅ សម្រាប់ការនាំចេញពីប្រទេសមួយចំនួន។
ចំណាត់ការថ្មីនោះបានធ្វើឡើងក្រោយក្រឹត្យមួយកាលពីដើមខែនេះ ដែលបានដំឡើងពន្ធលើការនាំចូលរបស់ចិន ទៅក្នុងសហរដ្ឋអាមេរិកយ៉ាងហោចណាស់ ២០%។
លោក Trump ក៏បានគំរាមដំឡើងពន្ធផងដែរ ជាពន្ធអនុវត្តចំពោះទំនិញនៅពេលចូលប្រទេសមួយ លើទំនិញជាក់លាក់ជាច្រើន រួមទាំងទង់ដែង ឈើ និងរថយន្ត។
ក្រុមមេដឹកនាំនៅប្រទេសកាណាដា និងអឺរ៉ុប បានហៅពន្ធលោហធាតុថ្មីថាមិនសមហេតុផល ហើយបានវាយបកវិញជាមួយនឹងពន្ធផ្ទាល់របស់ពួកគេលើផលិតផលអាមេរិកជាច្រើនប្រភេទ។
ប្រទេសផ្សេងទៀតដែលជាអ្នកផ្គត់ផ្គង់លោហធាតុសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមទាំងចក្រភពអង់គ្លេស អូស្ត្រាលី ម៉ិកស៊ិក និងប្រេស៊ីល បានពន្យារពេលចំពោះការសងសឹកភ្លាមៗ៕