អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃុំខ្លួនដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃពុធ (១២ មីនា) បន្ទាប់ពីការចាប់ខ្លួនរបស់លោកនៅទីក្រុងម៉ានីល ជុំវិញបទចោទប្រកាន់ឃាតកម្មផ្សារភ្ជាប់ទៅនឹង "សង្រ្គាមប្រឆាំងគ្រឿងញៀន" របស់លោក ដែលក្នុងនោះអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់ត្រូវបានសម្លាប់។

ICC បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា "លោក Duterte បានប្រគល់ខ្លួនឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ។ លោកត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហ្វីលីពីន សម្រាប់បទចោទប្រកាន់ឃាតកម្មក្នុងទម្រង់ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ"។

ទន្ទឹមនឹងនេះ ក្រុមអ្នកគាំទ្រអតីតមេដឹកនាំហ្វីលីពីនរូបនេះបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថាប័នកាត់ទោសទីក្រុងឡាអេ តវ៉ាប្រឆាំងនឹងការចាប់ខ្លួនរបស់លោក។

ពួកគេជាច្រើនបានគ្រវីទង់ជាតិហ្វីលីពីន ខណៈអ្នកផ្សេងទៀតធ្វើត្រាប់តាមកាយវិការលើកកណ្តាប់ដៃដ៏ល្បីល្បាញរបស់លោក Duterte ដើម្បីសម្ដែងការគាំទ្រ។
លោក Duterte បានទទូចជាយូរមកហើយថា លោកបានណែនាំនគរបាលឱ្យតដៃតែក្នុងករណីដើម្បីការពារខ្លួនប៉ុណ្ណោះ ហើយតែងតែការពារការបង្រ្កាបនោះ ដោយប្រាប់អ្នកគាំទ្ររបស់លោកម្តងហើយម្តងទៀតថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បី "ជាប់ពន្ធនាគារ" ប្រសិនបើរឿងនោះមានន័យថាអាចកម្ចាត់គ្រឿងញៀនខុសច្បាប់ចេញពីហ្វីលីពីនបាន៕