យោធាបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន កាលពីថ្ងៃពុធ (១២ មីនា) បានសម្រុកចូលរថភ្លើងមួយគ្រឿង ដែលត្រូវពួកសកម្មប្រយុទ្ធផ្ដាច់ខ្លួនប្លន់ចាប់មនុស្សធ្វើជាចំណាប់ខ្មាំងរាប់រយនាក់ ដោយបានសម្លាប់អ្នកវាយប្រហារទាំងអស់ ៣៣នាក់ និងបញ្ចប់ការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ខណៈចំណាប់ខ្មាំង ២១នាក់ និងទាហាន ៤នាក់ ក៏បានស្លាប់ក្នុងហេតុការណ៍នេះ។

ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន Baloch របស់ប៉ាគីស្ថាន ហៅកាត់ថាក្រុម BLA កាលពីថ្ងៃអង្គារ បានបំផ្ទុះផ្លូវរថភ្លើង និងបានបាញ់គ្រាប់រ៉ូកែតដាក់រថភ្លើង Jaffar Express នៅពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Peshawar ក្នុងខេត្ត Khyber Pakhtunkhwa ចេញពីរដ្ឋធានី Balochistan នៃទីក្រុង Quetta ដោយដឹកមនុស្សចំនួន ៤៤០នាក់ រួចចាប់អ្នកទាំងនោះធ្វើជាចំណាប់ខ្មាំង។

ក្រុម BLA នេះគឺជាមួយក្នុងចំណោមក្រុមឧទ្ទាមផ្ដាច់ខ្លួននៅតំបន់ Balochistan ដែលជាខេត្តធំបំផុតជាប៉ាគីស្ថាន។ អំឡុងពេលការចាប់ខ្លួនអ្នកដំណើរ ក្រុមសកម្មប្រយុទ្ធទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ Baloch ក្នុងពេល ៤៨ម៉ោង ដោះដូរនឹងចំណាប់ខ្មាំង បើមិនដូច្នេះទេពួកគេនឹងសម្លាប់អ្នកដំណើរលើរថភ្លើងទាំងនោះ។

ការប្លន់គំរាមនេះបានកើតឡើងអស់ពេលប្រមាណជាង ៣០ម៉ោង ដោយមនុស្សជាង ៣០០នាក់ត្រូវបានសង្រ្គោះ។ យោធាបន្តប្រតិបត្តិការស្វែងរកការគំរាមកំហែងនានាដែលនៅក្បែរនោះ ព្រមទាំងអ្នកដំណើរដែលបានបាត់ខ្លួន។ គេមិនទាន់ច្បាស់ទេថា តើនៅមានមនុស្សប៉ុន្មាននាក់ដែលមិនទាន់រកឃើញ ខណៈព័ត៌មានលម្អិតលើរឿងនេះត្រូវបានរឹតត្បិតយ៉ាងខ្លាំង៕