បន្ទាប់ពីអ៊ុយក្រែន បានយល់ព្រមលើសំណើបទឈប់បាញ់មួយរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមរុស្ស៊ី ពេលនេះទីក្រុងមូស្គូ កំពុងតែថ្លឹងថ្លែងយ៉ាងប្រយ័ត្នប្រយែងលើផែនការនេះ ដោយវិមានក្រឹមឡាំងបានលើកឡើងកាលពីថ្ងៃពុធ (១២ មីនា) ថា ខ្លួននឹងពិនិត្យមើលព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោន ពីសំណើបទឈប់បាញ់ ៣០ថ្ងៃនៅអ៊ុយក្រែន មុនពេលឆ្លើយតប ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

ខណៈដែលទីក្រុងមូស្គូ កំពុងពិចារណាយ៉ាងល្អិតល្អន់លើរឿងនេះ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងសម្លៀកបំពាក់យោធា បានចុះទៅធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់តំបន់ Kursk របស់រុស្ស៊ី ជាលើកដំបូងចាប់តាំងពីកងទ័ពអ៊ុយក្រែន ដណ្តើមបានផ្នែកដ៏តូចមួយកាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ ប្រភពចំនួនពីរដែលដឹងពីបញ្ហានេះបាននិយាយថា រុស្ស៊ីក៏បានដាក់បង្ហាញបញ្ជីនៃការទាមទាររបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន និងកំណត់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ។

គេមិនច្បាស់ទេថា តើទីក្រុងមូស្គូ រួមបញ្ចូលអ្វីខ្លះនៅក្នុងបញ្ជីនោះ ឬថាតើខ្លួនមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងគីវ មុនពេលការទទួលយកសំណើបទឈប់បាញ់ ឬយ៉ាងណា។ ប្រភពបានសង្កត់ធ្ងន់ថា មន្ត្រីរុស្ស៊ី និងអាមេរិក បានពិភាក្សាអំពីលក្ខខណ្ឌនេះ ក្នុងអំឡុងពេលសន្ទនាផ្ទាល់ និងតាមអនឡាញក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ ប៉ុន្តែមិនទាន់មានសេចក្ដីលម្អិតនោះឡើយ៕