ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump ដំឡើងពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូម ពីប្រទេសទាំងអស់លើពិភពលោក ទៅកាន់សហរដ្ឋអាមេរិក។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ទង្វើរបស់សហរដ្ឋអាមេរិក បានបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។

មន្ត្រីមួយរូបមកពីក្រសួងការបរទេសចិនបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ប្រទេសចិនមានឆន្ទៈធ្វើបការន្ថែមទៀតដើម្បីដោះស្រាយកង្វល់របស់សេតវិមានអំពីការជួញដូរសារធាតុញៀន ហ្វង់តានី (fentanyl) ខុសច្បាប់ ប៉ុន្តែវានឹងជា "រឿងខុសគ្នា" ប្រសិនបើការជជែកដេញដោលជាបន្តបន្ទាប់លើគ្រឿងញៀន ជួយបន្ធូរបន្ថយការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។

មន្ត្រីខាងលើបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែ "ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ" ដល់ប្រទេសចិន ចំពោះអ្វីដែលខ្លួនបានធ្វើដើម្បីរឹតបន្តឹងការជួញដូរគ្រឿងញៀនហ្វង់តានីល នៅសហរដ្ឋអាមេរិក ដោយអះអាងថាសេតវិមានមិនពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងនេះទេ ហើយជំនួសមកវិញដោយការដំឡើងពន្ធលើទំនិញចិនទ្វេរដងក្នុងឆ្នាំនេះ ជុំវិញបញ្ហាគ្រឿងញៀន។
គួររម្លឹកថា លោកTrump បានបង្ហាញកាលពីដើមឆ្នាំនេះថារូបលោកក៏អាចប្រើការដំឡើងពន្ធជាមធ្យោបាយមួយផងដែរ ដើម្បីដាក់សម្ពាធលើប្រទេសចិនបង្ខំឱ្យក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅទីក្រុងប៉េកាំង លក់បណ្ដាញសង្គមដ៏ល្បីល្បាញ TikTok ដែលជិតអស់ពេលវេលានៃថ្ងៃផុតកំណត់ដើមខែមេសា ខាងមុខ ក្នុងការបន្តវត្តមានរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក៕