រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសមហាអំណាចយោធាធំៗ៥របស់អឺរ៉ុបមានបារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងប៉ូឡូញ បានជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃពុធសប្ដាហ៍នេះ ពិភាក្សាអំពីក្របខ័ណ្ឌសន្តិសុខថ្មីសម្រាប់អ៊ុយក្រែនជាការឆ្លើយតបទៅនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិបារាំងលោក សេបាស្ទៀន លូក័រនូ (Sébastien Lecornu) បានស្វាគមន៍ចំពោះវឌ្ឍនភាពការទូតដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុង គីវ (Kyiv) បានធ្វើនៅអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបញ្ជាក់ថា "បាល់គឺនៅក្នុងដៃរបស់រុស្ស៊ី"។ កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៣០ថ្ងៃដែលបានស្នើឡើង ឥឡូវនេះស្ថិតនៅលើតុរបស់លោក Vladimir Putin។

កិច្ចប្រជុំនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការប្រមូលផ្តុំដ៏កម្រមួយរបស់ប្រមុខយោធា ៣៤រូបមកពីបណ្តាប្រទេសសមាជិកអង្គការណាតូ ព្រមទាំងប្រទេសជប៉ុន និងអូស្ត្រាលី ត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស ដោយគ្មានវត្តមានមន្ត្រីអាមេរិក។

បារាំង និងអង់គ្លេស បានឈានមុខគេក្នុងការប្រមូលផ្តុំការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកហាក់ដូចជាកំពុងផ្លាស់ប្តូរជំហររបស់ខ្លួនចំពោះទីក្រុង Kyiv ។មន្ត្រីការពារជាតិបារាំង បានបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ប្រទេសចំនួន១៥ ចាប់អារម្មណ៍បន្តដំណើរការនៃការពង្រឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
កិច្ចប្រជុំមួយទៀត ដោយមិនរាប់បញ្ចូលសហរដ្អាមេរិក គ្រោងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដោយបណ្ដារដ្ឋមន្ត្រីការពារជាតិទាំងអស់ចាប់អារម្មណ៍ក្នុងការបង្កើតសំណើជាក់ស្តែងបន្ថែមទៀត។ក្រុមរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប ក៏បានគូសបញ្ជាក់ផងដែរថាពួកគេនឹងបន្តជួយអ៊ុយក្រែន។អង់គ្លេសសន្យាផ្តល់ជំនួយចំនួន៤,៥ពាន់លានផោន ឬស្មើ ៥,៣ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥ ។ប៉ូឡូញ បារាំង និងប្រទេសផ្សេងៗទៀតត្រូវបានកំណត់ថានឹងផ្តល់គ្រឿងយុទ្ធោបករណ៍យោធាបន្ថែម៕