អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា អង្គការសហប្រជាជាតិស្វាគមន៍សេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលអ៊ុយក្រែនបានយល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ហើយសង្ឃឹមថានឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពដ៏ត្រឹមត្រូវនៅក្នុងប្រទេសនេះ។

លោក Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅពេលអត្ថាធិប្បាយលើការត្រៀមខ្លួនរបស់អ៊ុយក្រែនក្នុងការទទួលយកសំណើសម្រាប់បទឈប់បាញ់រយៈពេល៣០ ថ្ងៃថា "ជាដំបូង ទាក់ទងនឹងបទឈប់បាញ់ យើងនឹងស្វាគមន៍បទឈប់បាញ់នៅអ៊ុយក្រែន" ។

លោកបាននិយាយថា "មនុស្សជាច្រើនបានស្លាប់។ បទឈប់បាញ់ពិតជារឿងវិជ្ជមាន ហើយយើងសង្ឃឹមថានឹងសម្រេចបាន"។
ប្រមុខអង្គការសហប្រជាជាតិ បានសម្តែងក្តីសង្ឃឹមថា ទង្វើនេះនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពដ៏ត្រឹមត្រូវមួយនៅអ៊ុយក្រែន ដែលគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ចំណែកលោក Volodymyr Zelenskiy កាលពីថ្ងៃពុធ១២មីនា បានសារទរជំនួបរវាងអ៊ុយក្រែន និងអាមេរិក ក្នុងគោលដៅបញ្ចប់សង្រ្គាម ហើយបានបញ្ជាក់ថា សំណើរបទឈប់បាញ់នោះ អាចត្រូវបានប្រើដើម្បីធ្វើពង្រាងកិច្ចព្រមព្រៀងសន្តិភាពកាន់តែទូលំទូលាយ៕