ការជជែកវែកញែកមតិរបស់ពលរដ្ឋពីគោលនយោបាយហាក់បាត់អស់ពីទិដ្ឋភាពនយោបាយកូរ៉េខាងត្បូង នៅពេលដែលភាពជាប់គាំងកាន់តែស៊ីជម្រៅ ជុំវិញការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk Yeol ហើយពេលនេះ បក្សនយោបាយនានាកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើតមតិសាធារណៈ នៅពេលសាលក្រមលើក្ដីចោទប្រកាន់ទម្លាក់តំណែងជិតមកដល់។

បន្ទាប់ពីការដោះលែងភ្លាមៗរបស់លោក Yoon ពីការឃុំឃាំងមុនការសម្រេចរបស់តុលាការធម្មនុញ្ញ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំងបានបង្កើនវោហាសាស្ត្ររបស់ពួកគេ ដោយពេលនេះការខ្វែងគំនិតយ៉ាងខ្លាំងបានគ្របដណ្ដប់លើរដ្ឋសភា។

អ្នកជំនាញនិយាយថា ដោយតួនាទីរបស់សភាក្នុងនាមជាស្ថាប័នតំណាងជាតិត្រូវបានដកចេញកាន់តែច្រើនឡើង ក្ដីបារម្ភពីជម្លោះបក្សពួកក៏កំពុងកើនឡើង ហើយរឿងនោះនឹងមិនត្រឹមតែធ្វើឱ្យខូចដល់ការសម្រេចរបស់តុលាការប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យប្រទេសមានអស្ថិរភាពផងដែរ។
បក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធ (១២ មីនា) ថា ខ្លួននឹងមិនបង្កើតចលាចល ដូចទៅនឹងការតវ៉ាតាមដងផ្លូវរបស់បក្សប្រឆាំង ប្រជាធិបតេយ្យកូរ៉េ (DPK) ដែលអំពាវនាវឱ្យទម្លាក់តំណែងលោក Yoon នោះទេ។
ទន្ទឹមនឹងភាពច្របូកច្របល់ផ្ទៃក្នុងនេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងប្រកាសសាលក្រមក្នុងសវនាការចោទប្រកាន់ទម្លាក់តំណែងលើប្រធានសវនកររដ្ឋ និងរដ្ឋអាជ្ញា ៣នាក់នៅថ្ងៃព្រហស្បតិ៍ ១៣ មីនា នេះ ស្របពេលមានការរំពឹងទុកថា សេចក្តីសម្រេចលើការដកតំណែងលោក Yoon អាចនឹងត្រូវរុញទៅសប្តាហ៍ក្រោយ៕