ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃពុធ (១២ មីនា) ថា ខ្លួននឹងជំរុញឱ្យមានការវិលត្រឡប់នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ដើម្បីទប់ស្កាត់ទីក្រុងតេអេរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ ខណៈក្រុមប្រឹក្សាសន្តិសុខ បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការពង្រីកឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម របស់អ៊ីរ៉ង់ ដែលខិតទៅជិតកម្រិតអាវុធ។
អ៊ីរ៉ង់ តែងបដិសេធថាខ្លួនមិនចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ។ ទោះជាយ៉ាងនេះក្ដី ទីភ្នាក់ងារអាតូមិកអន្តរជាតិ បានព្រមានថា អ៊ីរ៉ង់បានបង្កើនល្បឿនយ៉ាងគ្រោះថ្នាក់នៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដល់ភាពសុទ្ធ ៦០% ដែលជិតដល់កម្រិតអាវុធប្រហែល ៩០% ទៅហើយ។

រដ្ឋលោកខាងលិចនិយាយថា កម្មវិធីនុយក្លេអ៊ែរស៊ីវិលមិនចាំបាច់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតខ្ពស់បែបនេះទេ ហើយថាពុំមានប្រទេសណាមួយធ្វើដូច្នេះដោយមិនគិតចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរឡើយ ប៉ុន្តែអ៊ីរ៉ង់និយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាគម្រោងសន្តិភាព។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងឆ្នាំ២០១៥ ជាមួយចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពរួមដ៏ទូលំទូលាយ ដែលបានដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕