
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ (CVEA) និង (AVA) ពិនិត្យការរៀបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុរួម ក្នុងក្របខណ្ឌតំបន់អាស៊ាន, ការរៀបចំស្តង់ដារសម្រាប់ប្រទេសមិនទាន់មាន, ការជំរុញលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ អ្នកវាយតម្លៃអចលនវត្ថុឲ្យប្រសើរ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរជំនាញជាដើម ដើម្បីជាមូលដ្ឋានអភិវឌ្ឍក្នុងវិស័យអចលនវត្ថុប្រកបដោយចិរភាព។
ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក ឡើងនៅក្នុងកម្មវិធីសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ក្រោមប្រធានបទ "ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩" នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ពាក់ព័ន្ធវិស័យអចលនវត្ថុ អ្នកវាយតម្លៃអចលនវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ នៅក្នុងប្រទេស និងតំបន់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា កិច្ចសហប្រតិបត្តិការ ការសិក្សាស្វែងយល់ និងការផ្លាស់ប្ដូរបទពិសោធន៍ក្នុង ចំណោមអ្នកចូលរួម នឹង អាចក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំច្បាប់ បទប្បញ្ញាត និងគោល នយោបាយ ជុំវិញវិស័យអចលនវត្ថុនៅក្នុងប្រទេស សមាជិកទាំងអស់ពិសេសនៅកម្ពុជា។
ដើម្បីជំរុញវិស័យអចលនវត្ថុប្រដោយចិរភាព និងប្រសិទ្ធភាព, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស្នើដល់សមាគមអ្នក វាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ពិនិត្យលទ្ធភាព និងគិតគូរដល់ការរៀបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុរួម ក្នុងក្របខណ្ឌតំបន់អាស៊ាន, ត្រូវរៀបចំស្តង់ដារសម្រាប់ប្រទេសមិនទាន់មាន, ការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ អ្នកវាយតម្លៃអចលនវត្ថុ ឲ្យប្រសើរ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ បច្ចេកវិទ្យា ការវិនិយោគ និងអាជីវកម្មរួមគ្នាជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ទោះបីកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ ១៩ នឹងកំពុង បន្តសម្របខ្លួន ទៅនឹងប្រក្រតីភាពថ្មីក្តី ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេសនៅតែមានសក្តានុពលខ្ពស់ និងមានតម្លៃ ទាបសមរម្យសម្រាប់ការវិនិយោគ បើប្រៀបធៀបប្រទេសជិតខាង ក្នុងនោះរួមមានតំបន់សំខាន់មួយចំនួនដូចជា៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល មានគម្រោង អកាសយាន្តដ្ឋានថ្មីកំពុងអនុវត្ត, ខេត្តព្រះសីហនុ បានកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង, ខេត្តសៀមរាប ដែលជា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងក្រុងបាវិតដែលជាមាត់ច្រកកម្ពុជា-វៀតណាម និងក្រុងប៉ោយប៉ែត ដែលជាមាត់ច្រកកម្ពុជា-ថៃ៕ អត្ថបទ៖ សុន រ៉ាឌី