លោកប្រធានាធិបតី Donald Trump បានលើកឡើងថា ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក កំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីលទ្ធភាពនៃបទឈប់បាញ់នៅអ៊ុយក្រែន។

ព័ត៌មាននេះកើតឡើងបន្ទាប់ពីមន្ត្រីអ៊ុយក្រែន បានយល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ក្រោយកិច្ចប្រជុំជាមួយមន្ត្រីអាមេរិក នៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងថ្ងៃអង្គារសប្ដាហ៍នេះ។

នៅមុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា "ពេលនេះគ្រប់យ៉ាងគឺស្ថិតក្នុងដៃរុស្ស៊ី" ហើយថា សហរដ្ឋអាមេរិក ជឿថាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាគឺតាមរយៈការចរចាសន្តិភាព។

វិមានក្រឹមឡាំងបាននិយាយថា ខ្លួនកំពុងសិក្សាសំណើបទឈប់បាញ់នេះ ហើយថាកិច្ចព្រភាក្សាតាមទូរសព្ទរវាងលោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺនឹងអាចកើតឡើង។ លោក Trump បាននិយាយថា លោកជឿជាក់ថា បទឈប់បាញ់នេះនឹងសមហេតុផលសម្រាប់រុស្ស៊ី ដោយបន្ថែមថាក៏មាន "ការសម្របសម្រួលជាច្រើនចំពោះរុស្ស៊ី" ផងដែរ ប៉ុន្តែមិនលម្អិតបន្ថែមនោះទេ។
ទោះបីជាកិច្ចចរចាអំពីបទឈប់បាញ់ដ៏មានសក្តានុពលមួយកំពុងបន្តក៏ដោយ ការប្រយុទ្ធគ្នាក៏នៅតែផ្ទុះឡើងនៅសមរភូមិអ៊ុយក្រែន។ សេចក្តីរាយការណ៍បានឱ្យដឹងថា យានដ្រូន និងមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារគោលដៅនៅតំបន់ Kryvyy Rih ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodomyr Zelensky ក៏ដូចជានៅក្នុងទីក្រុងកំពង់ផែ Odesa និងតំបន់ផ្សេងទៀតផងដែរ៕