នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាថ្មីជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ជុំវិញសង្រ្គាមពន្ធគយយ៉ាងតានតឹង ដរាបណាមាន "ការគោរពចំពោះអធិបតេយ្យភាពរបស់កាណាដា"។

ការអត្ថាធិប្បាយធ្វើឡើងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Carney ទៅកាន់រោងចក្រដែកថែបនៅក្រុង Hamilton ខេត្ត Ontario ខណៈកាណាដា បានបើកបង្ហាញពន្ធសងសឹកចំនួន ២០,៧ពាន់លានដុល្លារ នៅក្នុងពន្ធបដិការលើការនាំចូលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក Trump បានដំឡើងពន្ធ ២៥% លើដែកថេប និងអាលុយមីញ៉ូមទាំងអស់ដែលចូលទៅអាមេរិក។

ចាប់តាំងពីលោក Trump ចូលកាន់តំណែងក្នុងខែមករាមក ប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធក្នុងសង្គ្រាមពាណិជ្ជកម្មកាន់តែក្ដៅគគុក ដោយប្រធានាធិបតីអាមេរិករូបនេះបានគំរាមម្តងហើយម្តងទៀតក្នុងការដាក់បញ្ចូលប្រទេសជិតខាងរបស់ខ្លួនជារដ្ឋទី៥១។ លោក Carney កាលពីថ្ងៃពុធ (១២ មីនា) បានថ្កោលទោសជុំចុងក្រោយនៃការដំឡើងនពន្ធរបស់អាមេរិក ថា "មិនសមហេតុផល" ។

កាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតរបស់បរទេសទៅឱ្យអាមេរិក ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារការដំឡើងពន្ធថ្មីនេះ។ លោក Trump បានការពារវិធានការសេដ្ឋកិច្ចរបស់ខ្លួន ដោយអះអាងថា នោះជារឿងចាំបាច់សម្រាប់សន្តិសុខជាតិរបស់អាមេរិក និងដើម្បីជំរុញតម្រូវការផលិតករក្នុងស្រុក ដែលលោកនិយាយថាបាន "ធ្លាក់ចុះ" ដោយសារតែការប្រកួតប្រជែងពីបរទេស៕