កងកម្លាំងសន្តិសុខប្រទេសអាហ្សង់ទីន និងក្រុមលាយឡំគ្នានៃអ្នកចូលនិវត្តន៍ និងក្រុមបង្កការរំខាន បានប៉ះទង្គិចគ្នា កាលពីថ្ងៃពុធ ទី១២ មីនា នៅមុខសភា ក្នុងអំឡុងពេលតវ៉ាប្រឆាំងការកាត់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី លោក Javier Milei។

បាតុកម្មប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅខាងក្រៅសភាប្រទេសអាហ្សង់ទីន ត្រូវបានរៀបចំឡើងដោយនិវត្តន៍ជនដែលទាមទារប្រាក់សោធននិវត្តន៍កាន់តែប្រសើរ និងច្រានចោលការកាត់ប្រាក់សោធនរបស់ លោក Milei ចំពោះការទទួលបានឱសថដោយឥតគិតថ្លៃ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

យោងតាមក្រសួងសន្តិសុខ បានឲ្យដឹងថា ទោះជាយ៉ាងណា នៅក្នុងសប្តាហ៍នេះ ការចេញធ្វើបាតុកម្មបានផ្លាស់វេនគ្នា ខណៈក្រុមអ្នកបង្កការរំខាន ជាច្រើនក្រុម បានមកចូលរួមក្នុងបាតុកម្មនេះ។
ការគាំទ្រដែលមិននឹកស្មានដល់ បានកើតឡើងបន្ទាប់ពីការតវ៉ាមុនៗ បានបញ្ចប់ដោយមានមនុស្សចាស់ជាច្រើននាក់រងរបួស។ ប្រធានាធិបតីសេរីនិយម លោក Javier Milei បានកាត់បន្ថយប្រាក់សោធននិវត្តន៍ចាប់តាំងពីលោកចូលកាន់តំណែងនៅចុងឆ្នាំ២០២៣ ជាផ្នែកនៃការកែប្រែការចំណាយរបស់រដ្ឋាភិបាលសំដៅកាត់បន្ថយអតិផរណាដែលកំពុងកើនឡើង។
នគរបាល បានប្រើប្រាស់កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់នៅខាងក្រៅសភា បន្ទាប់ពីគេឃើញមនុស្សមួយចំនួនគប់ដុំថ្ម និងវត្ថុផ្សេងៗទៀតលើនគរបាល។