បុគ្គលិកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីស្នាក់ការកណ្តាលក្នុងទីក្រុងវ៉ាស៊ីនតោនរយៈពេលខ្លី ដើម្បីប្រមូលរបស់របរផ្ទាល់ខ្លួន និងសម្អាតតុរបស់ពួកគេ មួយថ្ងៃបន្ទាប់ពីរដ្ឋបាលប្រធានាធិបតី លោក Donald Trump បាននិយាយថា រដ្ឋបាលកំពុងកាត់បន្ថយកិច្ចសន្យាជំនួយជាង៩០% របស់ទីភ្នាក់ងារនេះ។

លោក Trump បានបញ្ជាឱ្យផ្អាករយៈពេល៩០ថ្ងៃលើជំនួយបរទេសទាំងអស់កាលពីខែមករា ដើម្បីធ្វើការត្រួតពិនិត្យយ៉ាងទូលំទូលាយក្នុងការធានាបានថា គម្រោងទាំងអស់ដែលផ្តល់មូលនិធិដោយប្រាក់អ្នកបង់ពន្ធរបស់សហរដ្ឋអាមេរិក គឺស្របតាមគោលនយោបាយ «America First» របស់លោក។ បទបញ្ជា និងការបន្តការបញ្ឈប់ការងារ បានធ្វើឱ្យទីភ្នាក់ងារ USAID ធ្លាក់ចូលក្នុងភាពចលាចល ដោយបញ្ឈប់ប្រតិបត្តិការរបស់ទីភ្នាក់ងារនៅជុំវិញពិភពលោក បង្កហានិភ័យដល់ការផ្តល់អាហារសង្គ្រោះអាយុជីវិត និងជំនួយផ្នែកវេជ្ជសាស្រ្ដ និងបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសង្គ្រោះផ្នែកមនុស្សធម៌ជាសកល ធ្លាក់ចូលទៅក្នុងភាពវឹកវរ។

លោក Trump បានប្រគល់ភារកិច្ចដល់មហាសេដ្ឋី និងជាទីប្រឹក្សា លោក Elon Musk ឱ្យរុះរើទីភ្នាក់ងារ USAID ជាផ្នែកមួយនៃការជំរុញដែលមិនធ្លាប់មានពីមុនមក ដើម្បីកាត់បន្ថយរដ្ឋាភិបាលសហព័ន្ធ ជាអ្វីដែលលោកបាននិយាយថាជាការចំណាយខ្ជះខ្ជាយ និងបំពានមូលនិធិ។
ទោះជាយ៉ាងណា កម្មវិធីមេរោគអេដស៍/ជំងឺអេដស៍ ដែលផ្តល់មូលនិធិច្រើនបំផុតដោយសហរដ្ឋអាមេរិកនៅប្រទេសអាហ្រ្វិកខាងត្បូង ត្រូវបានគេប្រាប់ថា ការផ្តល់មូលនិធិនឹងមិនបន្តដំណើរការឡើងវិញទេ ខណៈអង្គការមិនរកប្រាក់ចំណេញសកលដែលធ្វើការលើជំងឺគ្រុនចាញ់ និងសុខភាពមាតានិងទារក មានកិច្ចសន្យាភាគច្រើន ត្រូវបានលុបចោល។