មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ណែនាំដល់មន្រ្តីសាខាធនាគារជាតិខេត្តស្ទឹងត្រែង បង្កើនការយកចិត្តទុកដាក់លើកិច្ចការពារ អតិថិជន និងការអនុវត្តក្រមប្រតិបត្តិទីផ្សារ និងការពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់កម្ចី អនឡាញខុសច្បាប់ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចនាយកសាខា ធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នេះថា គោលបំណងនៃការកែសម្រួលភារកិច្ចនេះ គឺដើម្បីផ្លាស់ ប្តូរជំនាញ និងបទពិសោធន៍ថ្មី សំដៅបន្តនិរន្តរភាពការងារ និងប្រតិបត្តិការរបស់សាខា ឱ្យប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាព ខ្ពស់ថែមទៀត។

ក្នុងពិធីនេះ, លោកជំទាវបណ្ឌិត បានជំរុញលើកទឹកចិត្តមន្ត្រី-បុគ្គលិកទាំងអស់ ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងខិតខំ បំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត។ បន្ថែមលើនេះ លោកជំទាវក៏បានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ លើ កិច្ចការពារអតិថិជន និងការអនុវត្តក្រមប្រតិបត្តិទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បី រួមចំណែកទប់ស្កាត់កម្ចីអនឡាញខុសច្បាប់ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

បន្ទាប់ពីកម្មវិធីនេះ លោកជំទាវទេសាភិបាល បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ជួបសំណេះសំណាលការងារ ជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងគោលបំណងណែនាំ នាយកសាខាថ្មីរបស់ធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង និងស្វែងយល់បន្ថែមពីស្ថានភាពសេដ្ឋកិច្ច ព្រមទាំងស្វែងរកកិច្ច សហការគាំទ្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តបន្ថែមទៀត។ ក្នុងជំនួបនេះដែរ ឯកឧត្តមអភិបាល ក៏បានស្វាគមន៍ចំពោះ សំណើកិច្ចសហការនានា និងបានតាំងចិត្តចូលរួមយ៉ាងមោះមុត ក្នុងការទប់ស្កាត់កម្ចីខុសច្បាប់ ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕អត្ថបទ៖ សុន រ៉ាឌី



