ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសម៉ិកស៊ិកនឹងសម្រេចនៅត្រឹមថ្ងៃទី២ ខែ មេសា ថាតើត្រូវដំឡើងពន្ធទៅវិញទៅមកដែរ ឬយ៉ាងណា បន្ទាប់ពីសហរដ្ឋអាមេរិក បានដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដល់២៥ភាគរយ។
លោកស្រី Sheinbaum បាននិយាយថា «យើងសង្ឃឹមថា ការដំឡើងពន្ធទៅវិញទៅមកនឹងមិនចាំបាច់នោះទេ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង ដោយលោកស្រី សង្កត់ធ្ងន់លើការចរចាដែលកំពុងបន្ត នៅក្រោមកិច្ចព្រមព្រៀងអាមេរិក-កាណាដា-ម៉ិកស៊ិក (USMCA)។
លោកស្រី ប្រធានាធិបតីបាននិយាយបន្ថែមថា ប្រទេសម៉ិកស៊ិក នៅតែរក្សាការសន្ទនាយ៉ាងជិតស្និទ្ធជាមួយក្រុមផលិតដែកថែប និងអាលុយមីញ៉ូមក្នុងស្រុក មុនពេលការសម្រេចក្នុងខែមេសា ខាងមុខ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក លោក Marcelo Ebrard កំពុងពិភាក្សាអំពីបញ្ហានេះជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី៤ ខែមីនា អំពីការដំឡើងពន្ធ២៥ភាគរយយ៉ាងទូលំទូលាយលើប្រទេសម៉ិកស៊ិក។ ក្រោយមក លោកបានកែប្រែចំណាត់ការដំឡើងពន្ធ នៅថ្ងៃទី៦ ខែមីនា ដោយលើកលែងទំនិញ ដែលបំពេញលក្ខខណ្ឌអនុគ្រោះនៃកិច្ចព្រមព្រៀងអាមេរិក-កាណាដា-ម៉ិកស៊ិក (USMCA)ពីការដំឡើងពន្ធ ដែលចូលជាធរមាន រហូតដល់ថ្ងៃទី២ ខែមេសា។