បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសរៀបចំការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំរដូវកាលឆ្នាំ២០២១ វិញហើយ ក្រោយសហព័ន្ធសម្រេចលុបចោលការប្រកួតរដូវកាលឆ្នាំ២០២០ ពាក់កណ្ដាលផ្លូវកាលពីចុងខែសីហាកន្លងទៅដោយសារវិបត្តិកូវីដ-១៩។
សហព័ន្ធបានជូនដំណឹងដល់មន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត រួមទាំងក្លិប និងសមាគមទាំងអស់អំពីការដាក់ពាក្យចូលរួមប្រកួតជម្រើសជើងឯកយុវជននេះ ដែលចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ មុនឈានដល់ការប្រកួតផ្លូវការដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ តទៅ។ សូមរំឭកថា សម្រាប់ការប្រកួតរដូវកាលឆ្នាំ២០២០ ពាន U15 និង U18 ពុំបានបញ្ចប់ការប្រកួតជម្រុះតាមពូលនោះទេ តែដោយយោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចលប់ចោលការប្រកួតភ្លាមៗ ក្រោយពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារព្រឹត្តិការណ៍ជំងឺកូវីដ-១៩ សហគមន៍ ២០កុម្ភៈមិនទាន់មានការថមថយ ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំ និងហ្វឹកហាត់របស់ក្រុមយុវជនតាមបណ្ដារាជធានី-ខេត្តមិនអាចបន្តការប្រកួតតាមកាលវិភាគបាន។
យ៉ាងណាមិញបច្ចុប្បន្នស្ថានភាពកូវីដ-១៩ បានធូរស្រាលជាងមុន ស្របពេលរាជរដ្ឋាភិបាលបានប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញផងនោះ សហព័ន្ធក៏សម្រេចរៀបចំការប្រកួតផ្សេងៗរួមមានលីគទី២ លីគបាល់ទាត់នារី និងការប្រកួតជើងឯកយុវជន U15 និង U18 ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតជាបន្ដបន្ទាប់នាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ លី ឈុនឡា