ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងសម្លៀកបំពាក់យោធា ទៅកាន់កងទ័ពនៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី កាលពីថ្ងៃពុធ (១២ មីនា) ជាទីដែលលោកបានបញ្ជាឱ្យកងកម្លាំងទីក្រុងមូស្គូ ពន្លឿនការវាយរុញរបស់ពួកគេ ដើម្បីបណ្ដាញទាហានអ៊ុយក្រែនឱ្យអស់ពីទឹកដីរុស្ស៊ី និងវាយយកមកវិញនូវតំបន់ដែលកងកម្លាំងទីក្រុងគីវ ដណ្តើមកាន់កាប់ ខណៈដែលវិមានក្រឹមឡាំងអះអាងថា កងកម្លាំងរបស់ខ្លួនជិតបណ្ដេញទ័ពអ៊ុយក្រែនអស់ហើយ។

ដំណើរទស្សនកិច្ចរបស់លោក Putin បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ស្នើឱ្យពិចារណាលើសំណើបទឈប់បាញ់ ៣០ថ្ងៃ ដែលគាំទ្រដោយអ៊ុយក្រែន ហើយបន្ទាប់ពីកងកម្លាំងរុស្ស៊ី បានដណ្តើមយកទឹកដីមួយផ្នែកនៅតំបន់ Kursk មកវិញ ដោយបង្ខំឱ្យទាហានអ៊ុយក្រែន ដកថយ និងប្រគល់ការគ្រប់គ្រងទីក្រុង Sudzha។

គួររម្លឹកថា អ៊ុយក្រែនកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំមុន បានធ្វើឱ្យរុស្ស៊ីភ្ញាក់ផ្អើល ដោយការវាយលុកឆ្លងព្រំដែនរបស់ខ្លួន និងដណ្តើមយកទឹកដីមួយជ្រុងរបស់រុស្ស៊ី។ ប៉ុន្តែបន្ទាប់ពីការទប់ទល់ជាង ៧ខែនៅតំបន់ Kursk អ៊ុយក្រែនបានចាញ់ប្រៀបកាន់តែអាក្រក់ទៅៗក្នុងសប្តាហ៍កន្លងទៅ ក្រោយខ្សែផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនត្រូវបានកាត់ផ្តាច់។

លោក Putin បញ្ជាក់យ៉ាងច្បាស់ហើយថា លោកកំពុងពិចារណាបង្កើតតំបន់ទ្រនាប់ថ្មីនៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន ដែលនៅជាប់នឹង Kursk ដើម្បីការពារប្រឆាំងនឹងការលុកលុយរបស់អ៊ុយក្រែន នាពេលអនាគត៕