លោក Mark Carney ត្រៀមស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសកាណាដា នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ស្អែកនេះ ដែលជាថ្ងៃចុងក្រោយនៃការកាន់អំណាចជាង ៩ឆ្នាំរបស់លោក Justin Trudeau។

អគ្គទេសាភិបាល លោកស្រី Mary Simon នឹងធ្វើជាអធិបតីក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Carney និងគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃទី១៤ ខែមីនា វេលាម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) នេះបើតាមការិយាល័យលោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

លោក Carney អតីតមន្រ្តីធនាគារកណ្តាល ដែលដឹកនាំធនាគារកណ្តាលកាណាដា និងធនាគារអង់គ្លេស ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មីរបស់បក្សសេរីនិយមនៃប្រទេសកាណាដា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ហើយលោកនឹងក្លាយជានាយករដ្ឋមន្ត្រីទី២៤ របស់កាណាដា។
លោក Carney នឹងចូលកាន់តំណែងក្នុងពេលដ៏ច្របូកច្របល់នៅកាណាដា ដែលកំពុងស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តដ៏យូររបស់ខ្លួនគឺសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ហើយនឹងត្រូវរៀបចំការបោះឆ្នោតសកលក្នុងពេលឆាប់ៗនេះ។ របាយការណ៍បានដកស្រង់ប្រភពមួយថា គណៈរដ្ឋមន្ត្រីរបស់លោក Carney ត្រូវបានរំពឹងថានឹងមានរដ្ឋមន្ត្រីចន្លោះពី ១៥ ទៅ ២០រូបប៉ុណ្ណោះ ធ្លាក់ចុះពី ៣៧រូបនាពេលបច្ចុប្បន្ន៕