បណ្ដារដ្ឋមន្ត្រីការបរទេសនៃប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យលោកខាងលិច G7 បានជួបប្រជុំគ្នាក្នុងប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍ (១៣ មីនា) នេះ បន្ទាប់ពីភាពតានតឹងជាច្រើនបានកើនឡើងខ្លាំងរយៈពេល ៧សប្តាហ៍ រវាងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងលោកប្រធានាធិបតី Donald Trump ជុំវិញការកែប្រែគោលនយោបាយការបរទេសរបស់លោកលើអ៊ុយក្រែន និងការដំឡើងពន្ធយ៉ាងកម្រោល។

បណ្ដារដ្ឋមន្រ្តីពីប្រទេសទាំង៧ រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមជាមួយនឹងសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងទេសចរណ៍ដាច់ស្រយាល La Malbaie ដែលស្ថិតនៅលើតំបន់ភ្នំខេត្តកេប៊ិក សម្រាប់រយៈពេលពីរថ្ងៃ នៅក្នុងកិច្ចប្រជុំដែលធ្លាប់តែមានការឯកភាពយ៉ាងទូលំទូលាយលើបញ្ហាប្រឈមនានា ប៉ុន្តែពេលនេះមានភាពស្រពេចស្រពិល។

របៀបវារៈធំៗសម្រាប់ដៃគូរបស់ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវគ្របដណ្ដប់លើការជជែកដេញដោលសង្ខេបជុំវិញកិច្ចពិភាក្សារបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ជាមួយទីក្រុងគីវ នៅអារ៉ាប៊ីសាអ៊ូឌីត ជាទីដែលអ៊ុយក្រែន បានគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ ៣០ថ្ងៃ។

ការដំឡើងពន្ធ ២៥% របស់អាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីគ្រប់ប្រទេសទាំងអស់ ដែលរងការសងសឹកភ្លាមៗពីកាណាដា និងសហភាពអឺរ៉ុប ក៏ជាភាពតានតឹងមួយដែលត្រូវពិភាក្សាយ៉ាងស្វិតស្វាញក្នុងកិច្ចប្រជុំនោះផងដែរ៕