ក្រុមឃ្លាំមើលសង្រ្គាមបានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ជនស៊ីវិល ១.៣៨៣នាក់ ដែលភាគច្រើនជាជនភាគតិចអាឡាវីត (Alawites) ត្រូវបានសម្លាប់ នៅក្នុងរលកនៃអំពើហិង្សា ដែលបានរួបរឹតឆ្នេរសមុទ្រមេឌីទែរ៉ាណេនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ជនស៊ីវិលត្រូវបានសម្លាប់នៅក្នុង «ការប្រហារជីវិតដោយកងកម្លាំងសន្តិសុខ និងក្រុមសម្ព័ន្ធមិត្ត បន្ទាប់ពីរលកនៃអំពើហិង្សា បានផ្ទុះឡើងកាលពីសប្តាហ៍មុន នៅតំបន់ឆ្នេរសមុទ្រនៃសហគមន៍ជនជាតិភាគតិចអាឡាវីត ជាទីដែលប្រធានាធិបតីត្រូវបានផ្តួលរំលំ លោក បាសា អាល់អាសាដ ( Bashar al-Assad) រស់នៅដែរនោះ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបន្ថែមថា ទោះបីជាអំពើហិង្សា បានថយចុះក៏ដោយ ក៏ចំនួនអ្នកស្លាប់ នៅតែកើនឡើង ខណៈដែលសាកសព ត្រូវបានរកឃើញជាបន្តបន្ទាប់ ដោយភាគច្រើននៅលើដីស្រែ ឬនៅក្នុងផ្ទះរបស់ពួកគេ។
ក្រុមនេះ បានបញ្ជាក់ថា ការស្លាប់ចុងក្រោយបង្អស់ ត្រូវបានកត់ត្រា នៅក្នុងខេត្តឆ្នេរសមុទ្រ Latakia និង Tartus និងនៅក្នុងខេត្ត Hama ភាគកណ្តាល ដែលនៅជិតខាង។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សនេះ បានចោទប្រកាន់កងកម្លាំងសន្តិសុខ និងក្រុមសម្ព័ន្ធមិត្តថា បានចូលរួមក្នុង «ការសម្លាប់មនុស្សនៅនឹងកន្លែង ការបង្ខំឲ្យផ្លាស់ទីលំនៅ និងការដុតបំផ្លាញផ្ទះសម្បែង ដោយគ្មានការដាក់ទោសតាមផ្លូវច្បាប់»។