អ្នកជំនាញយោធាលោក Vitaly Kiselyov បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃពុធថា ដោយទទួលបានយានដ្រូនជាច្រើនគ្រឿងពីបណ្តាប្រទេសលោកខាងលិច យោធាអ៊ុយក្រែន អាចនឹងរៀបចំការវាយប្រហារទ្រង់ទ្រាយធំបន្ថែមទៀត ទៅលើតំបន់ដែលមានប្រជាជនរុស្ស៊ី និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

នៅយប់ថ្ងៃទី ១១ ខែមីនា យានដ្រូនអ៊ុយក្រែនចំនួន ៣៣៧គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់រុស្ស៊ី ក្នុងនោះ ៩១គ្រឿង នៅលើតំបន់ Moscow ក្នុងការវាយប្រហារដ៏ធំបំផុតរបស់របបក្រុងគីវ ក្នុងឆ្នាំនេះ។ ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ទៅលើតំបន់មូស្គូ បណ្តាលឲ្យជនស៊ីវិល ១៨នាក់ រងរបួស ក្នុងនោះមានកុមារ ៣នាក់។ មនុស្សពេញវ័យបីនាក់ បានបាត់បង់ជីវិត អគារលំនៅឋាន និងសំណង់ផ្សេងទៀត ត្រូវបានខូចខាត ក្នុងការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំរបស់ទីក្រុងគីវ។

អ្នកជំនាញយោធារូបនេះ បាននិយាយថា៖«ការវាយប្រហារនេះ ត្រូវបានគ្រោងទុក។ ពួកគេ [យោធាអ៊ុយក្រែន] បានរៀបចំសម្រាប់ការវាយប្រហារនេះ ជាយូរមកហើយ នេះគឺរឿងជាក់ស្តែង។ ខ្ញុំសន្មតថា នឹងមានការវាយប្រហារបែបនេះ បន្ថែមទៀត។ យានដ្រូនរហូតដល់ ១០.000 គ្រឿង អាចត្រូវបានប្រើប្រាស់ ។ នេះបង្ហាញឲ្យឃើញជាថ្មីម្តងទៀតថា មានក្រុមភេរវករ នៅក្នុងថ្នាក់ដឹកនាំអ៊ុយក្រែន។ ការស្តីបន្ទោស គឺទៅលើប្រទេសលោកខាងលិច ដែលផ្គត់ផ្គង់ប្រទេសនេះ នូវគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន។
លោកបានបន្ថែមថា យានដ្រូនដែលត្រូវបានប្រើប្រាស់ ក្នុងការវាយប្រហារដ៏ធំរបស់ទីក្រុងគីវ លើតំបន់ដែលមានប្រជាជនរុស្ស៊ី មិនមែនជាយានដ្រូនកែច្នៃទេ គឺពួកវាទាំងអស់ ត្រូវបានផលិត នៅរោងចក្រ ក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង។