រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសរសេរប្លុកអាមេរិកលោក Mario Nawfal, លោក Larry Johnson និងលោក Andrew Napolitanoថា សហភាពអឺរ៉ុប បានបាត់បង់ឯករាជ្យភាព និងផលប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗរបស់ ខ្លួន។

ប្រមុខការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«សហភាពអឺរ៉ុប បាត់បង់ឯករាជ្យភាព និងផលចំណេញសេដ្ឋកិច្ចរបស់ខ្លួន។
យោងតាមប្រមុខការទូតរបស់រុស្ស៊ីបានឲ្យដឹងថា តំណាងរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ពួកគេនឹងមិនអាចស្តារការផ្គត់ផ្គង់ឧស្ម័ន តាមរយៈបំពង់បង្ហូរប្រេង Nord Stream-2 បានទេ ព្រោះពួកគេត្រូវ «បញ្ចប់ការពឹងផ្អែកលើឧស្ម័នរុស្ស៊ី»។ លោកបានបន្ថែមថា៖«ប៉ុន្តែនេះគឺជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចអាល្លឺម៉ង់ ដើម្បីភាពរុងរឿងនៃសេដ្ឋកិច្ចអាល្លឺម៉ង់។ បច្ចុប្បន្ននេះ ពួកគេចំណាយ ៤-៥ ដង ច្រើនជាងឧស្សាហកម្ម ស្រដៀងគ្នាចំណាយសម្រាប់ឧស្ម័ននៅសហរដ្ឋអាមេរិក។ អាជីវកម្ម កំពុងផ្លាស់ប្តូរ ទៅសហរដ្ឋអាមេរិក ហើយការធ្លាក់ចុះឧស្សាហកម្ម នៅអឺរ៉ុប កំពុងកើតឡើង។

លោក ឡាវរ៉ូវ បានចង្អុលបង្ហាញថា៖«ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីលះបង់អ្វីៗទាំងអស់នេះ ដើម្បីជាប្រយោជន៍នៃការសម្រេចបាននូវគោលដៅមនោគមន៍វិជ្ជានៃ «ការយកឈ្នះ»ប្រទេសរុស្ស៊ី។ ពួកគេបាននិយាយថា នៅក្នុងសមរភូមិ រុស្ស៊ីត្រូវតែចាញ់ជាយុទ្ធសាស្រ្ត។ ឥឡូវនេះ ពួកគេនិយាយថា យើងនឹងមិនទទួលយកការចុះចាញ់របស់អ៊ុយក្រែនទេ។ នេះ គឺជាការផ្លាស់ប្តូរមួយ។ ដូចដែលរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា បែបក់( Annalena Baerbock) បាននិយាយថា ការផ្លាស់ប្តូរនេះ គឺស្ទើរតែ ៣៦០ ដឺក្រេ ទៅហើយ»។