សហភាពអាហ្រ្វិកកាលពីថ្ងៃពុធ បាននិយាយថា ការប្រកាសរបស់រដ្ឋាភិបាលស្រមោល នៅក្នុងប្រទេស ស៊ូដង់ដែលហែកហួរដោយសង្រ្គាម បានប្រថុយនឹងធ្វើឲ្យប្រទេសដែលញាំញីដោយភាពចលាចលជិត ពីរឆ្នាំនេះ បែកបាក់។
កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដ៏ឃោរឃៅ ជាមួយកងទ័ពរបស់ប្រទេសស៊ូដង់ (SAF) ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ នៅក្នុងសង្រ្គាម ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ និងបានជម្លៀសមនុស្សជាង ១២ លាននាក់។
សង្រ្គាមដែលផ្តើមចេញពីការខ្វែងគំនិតគ្នាជុំវិញការដាក់បញ្ចូលកងកម្លាំង RSF ទៅក្នុងជួរកងទ័ព បានធ្វើឲ្យប្រទេសនេះ បែកបាក់ ដោយយោធាឥឡូវនេះ បានគ្រប់គ្រងភាគខាងកើត និងខាងជើងស៊ូដង់ ហើយ កងកម្លាំង RSF គ្របដណ្តប់ស្ទើរតែទាំងអស់នៃភាគខាងលិចតំបន់ Darfur និងផ្នែកនៃភាគខាងត្បូង។
ទាំងកងទ័ព និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម សង្គ្រាម។
កងកម្លាំង RSF និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចុះហត្ថលេខាលើធម្មនុញ្ញបង្កើតរដ្ឋាភិបាលស្រមោលមួយ នៅទីក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា កាលពីខែមុន។
កាលពីថ្ងៃពុធ សហភាពអាហ្រ្វិក បានថ្កោលទោសការសម្រេចនេះ ហើយ«បានព្រមានថា សកម្មភាពបែបនេះ នាំឲ្យមានហានិភ័យយ៉ាងខ្លាំង ក្នុងការធ្វើឲ្យប្រទេសនេះ បែកបាក់»។