សាកសពមនុស្សយ៉ាងតិច ២៥នាក់ ក្នុងនោះចំណាប់ខ្មាំង ២១នាក់ ត្រូវបានសម្លាប់ នៅក្នុងការឡោមព័ទ្ធរថភ្លើងដោយខ្មាន់កាំភ្លើងបំបែកខ្លួន នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានគេទាញចេញពីកន្លែងនោះ កាលពីថ្ងៃព្រហស្បតិ៍ មុនពេលពិធីបុណ្យសពដំបូង។
កងកម្លាំងសន្តិសុខ បាននិយាយថា ពួកគេបានដោះលែងអ្នកដំណើររថភ្លើងជាង ៣៤០នាក់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះរយៈពេល ២ថ្ងៃ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីក្រុមបំបែកខ្លួនមួយក្រុម បានទម្លាក់គ្រាប់បែកលើផ្លូវរថភ្លើងដាច់ស្រយាលមួយ នៅតំបន់ភ្នំ ភាគនិរតីខេត្ត Balochistan ហើយបានវាយប្រហារលើរថភ្លើងមួយគ្រឿងដែលដឹកអ្នកដំណើរប្រហែល ៤៥០នាក់។
ការវាយប្រហារនេះ ត្រូវបានអះអាងដោយកងទ័ពរំដោះ Baloch (BLA) ដែលជាក្រុមមួយ ក្នុងចំណោម ក្រុមបំបែកខ្លួនមួយចំនួន ដែលចោទប្រកាន់អ្នកខាងក្រៅថា បានប្លន់យកធនធានធម្មជាតិ នៅ ក្នុងខេត្តBalochistan ក្បែរព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។
ចំនួនអ្នកស្លាប់ មានការប្រែប្រួល ដោយយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា «ចំណាប់ខ្មាំងស្លូតត្រង់ ២១នាក់» ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធ និងទាហាន ៤នាក់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះ។
មន្ត្រីផ្លូវដែកនៅខេត្ត Balochistan បាននិយាយថា សាកសពមនុស្ស ២៥ នាក់ត្រូវបានដឹកជញ្ជូនតាម រថភ្លើង ចេញពីកន្លែងចំណាប់ខ្មាំង ទៅកាន់ទីក្រុង Mach ក្បែរនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។