បើយោងតាមបុគ្គល ២រូបដែលដឹងពីបញ្ហានេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានបង្ហាញបញ្ជីទាមទាររបស់ខ្លួន សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម លើប្រទេសអ៊ុយក្រែន និងការស្ដារទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនឲ្យប្រសើរឡើងវិញ។
គេមិនទាន់ច្បាស់ទេថា តើទីក្រុងមូស្គូរួមបញ្ចូលអ្វីខ្លះនៅក្នុងបញ្ជីរបស់ខ្លួននេះ ឬថា តើខ្លួនមានឆន្ទៈចាប់ផ្ដើមកិច្ចចរចាសន្តិភាពជាមួយទីក្រុងគីវ មុនពេលពួកគេទទួលយក ឬយ៉ាងណា។ ប្រភពបានប្រាប់ថា មន្ត្រីរុស្ស៊ី និងអាមេរិក បានពិភាក្សាអំពីលក្ខខណ្ឌនេះ ក្នុងអំឡុងពេលសន្ទនាផ្ទាល់ និងនិម្មិត ក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ។

ប្រភពទាំង២ បានពិពណ៌នាអំពីលក្ខខណ្ឌរបស់វិមានក្រឹមឡាំងថា មានលក្ខណៈទូលំទូលាយ និងស្រដៀងទៅនឹងការទាមទារដែលប្រទេសនេះបានបង្ហាញពីមុនទៅអ៊ុយក្រែន សហរដ្ឋអាមេរិក និងអង្គការណាតូ (NATO)។ លក្ខខណ្ឌពីមុនទាំងនោះ រាប់បញ្ចូលទាំងការមិនចូលជាសមាជិករបស់អង្គការណាតូរបស់ទីក្រុងគីវ ជាកិច្ចព្រមព្រៀងដែលមិនឲ្យមានការដាក់ពង្រាយកងទ័ពបរទេស នៅអ៊ុយក្រែន និងការទទួលស្គាល់ជាអន្តរជាតិ ចំពោះការអះអាងរបស់ប្រធានាធិបតី លោក Vladimir Putin ដែលថា តំបន់គ្រីម៉ា និងខេត្តចំនួន ៤ទៀត ជារបស់រុស្ស៊ី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ីក៏បានទាមទារឲ្យសហរដ្ឋអាមេរិក និងអង្គការណាតូដោះស្រាយនូវអ្វីដែលខ្លួនហៅថា «ដើមហេតុ» នាំឲ្យកើតសង្គ្រាម ក្នុងនោះរួមទាំងការពង្រីកវត្តមានឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូផងដែរ។
ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងរង់ចាំឮពាក្យសម្ដីពីលោក Putin ជុំវិញថា តើលោកនឹងយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែរ ឬទេ ពោលគឺជាសំណើដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី១១ ខែមីនាថា លោកនឹងទទួលយកជាជំហានដំបូងឆ្ពោះទៅរកការចរចាសន្តិភាព។ យ៉ាងណាក្ដី ការប្តេជ្ញាចិត្តរបស់លោក Putin ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមាន គឺនៅតែមិនប្រាកដប្រជា ដោយព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ៕

