អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ ២៥ វិច្ឆិកា សហរដ្ឋអាមេរិកបានគំរាមប្រឈមនឹងប្រទេសអ៊ីរ៉ង់ នៅឯទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនៅខែក្រោយ ប្រសិនបើខ្លួនមិនសហការបន្ថែមទៀតជាមួយទីភ្នាក់ងារឃ្លាំមើល ដែលជាការកើនឡើងដែលអាចបំផ្លាញកិច្ចពិភាក្សាស្ដីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងមហាអំណាចឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់។

ទីក្រុងតេអេរ៉ង់ត្រូវបានជាប់គាំងនៅក្នុងការប្រឈមដាក់គ្នាជាច្រើនជាមួយទីភ្នាក់ងារ IAEA ដែលក្រុមប្រឹក្សាភិបាលចំនួន ៣៥ប្រទេសកំពុងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសក្នុងសប្ដាហ៍នេះ។ បន្ទាប់មកអតីតប្រធានាធិបតីលោក Donald Trump បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលបានដកទណ្ឌកម្មជាថ្នូរនឹងការរឹតបន្តឹងលើសកម្មភាពបរមាណូរបស់អ៊ីរ៉ង់។ លោកបានដាក់ទណ្ឌកម្មឡើងវិញ ក្រោយមកទីក្រុងតេអេរ៉ង់បានពង្រីកការងារនុយក្លេអ៊ែររបស់ខ្លួនជាលំដាប់ និងកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។ អ៊ីរ៉ង់កំពុងបដិសេធមិនឲ្យក្រុមការងាររបស់ទីភ្នាក់ងារ IAEA ចូលទៅក្នុងប្រទេសរបស់ខ្លួនដើម្បីដំឡើងកាមេរ៉ាឃ្លាំមើលសកម្មភាពឡើងវិញ នៅក្នុងរោងជាងមួយនៅអគាររោងចក្រផលិតនុយក្លេអ៊ែរ TESA Karaj។
ទីភ្នាក់ងារ IAEA ក៏ចង់បានចម្លើយអំពីប្រភពដើមនៃភាគល្អិតសារធាតុអ៊ុយរ៉ានីញ៉ូម ដែលត្រូវបានរកឃើញនៅកន្លែងដើម ប៉ុន្តែមិនទាន់បានប្រកាស ហើយនិយាយថា អ៊ីរ៉ង់នៅតែតម្រូវឲ្យក្រុមអធិការកិច្ចរបស់ខ្លួន ចូលទៅត្រួតពិនិត្យជាមុនសិន។ សេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកទៅកាន់ក្រុមប្រឹក្សាភិបាលបាននិយាយថា "ប្រសិនបើការមិនសហការរបស់អ៊ីរ៉ង់មិនត្រូវបានដោះស្រាយភ្លាមៗទេ ... ក្រុមប្រឹក្សាភិបាលនឹងមិនមានជម្រើស ក្រៅពីការកោះប្រជុំវិសាមញ្ញមុនដំណាច់ឆ្នាំនេះដើម្បីដោះស្រាយវិបត្តិនេះ៕
អត្ថបទ៖ សុខមាន