អគារ Euroclear នៅកណ្តាលទីក្រុងប្រ៊ុចសែល គឺជាចំណុចកណ្តាលនៃការពិភាក្សានយោបាយដ៏ខ្លាំងក្លា ក្នុងរង្វង់សមាជិករបស់សហភាពអឺរ៉ុប (EU) ចាប់តាំងពីស្ថាប័នហិរញ្ញវត្ថុ នៅប្រទេសបែលហ្ស៊ិកមួយនេះ ត្រូវបានគេជឿថា កាន់កាប់ចំណែកនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីតម្លៃ ២៥៨ពាន់លានអឺរ៉ូ (ជាង ២៨០ពាន់លានដុល្លារ) ដែលត្រូវបានបង្កកនៅទូទាំងបណ្តាប្រទេសសហភាពអឺរ៉ុប។
ស្ថាប័ន EU កំពុងខ្វែងគំនិតគ្នា ជុំវិញថា តើត្រូវរឹបអូសទឹកប្រាក់នេះ ដើម្បីគាំទ្រអ៊ុយក្រែនតាមរបៀបណា ទោះបីជាប្លុកនេះបានយកការប្រាក់ដំបូងចំនួន ១,៥ពាន់លានអឺរ៉ូពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានផ្អឹបទុកទាំងនេះ ប្រគល់ទៅឲ្យទីក្រុងគីវក៏ដោយ។

ប្រទេសសមាជិកមួយចំនួន ដូចជាបារាំង និងបែលហ្ស៊ិក ជឿថា ការរឹបអូសទ្រព្យសម្បត្តិទាំងនេះ នឹងខុសច្បាប់ ហើយកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្ន។ ប្រទេសផ្សេងទៀតកំពុងជំរុញឲ្យរឹបអូសយកប្រាក់ ដែលនឹងតំណាងឲ្យកម្រិតច្រើនជាងជំនួយទាំងមូលផ្តល់ដោយអឺរ៉ុបដល់អ៊ុយក្រែន ក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំនេះ។ ការជជែកដេញដោល ក៏កំពុងប្រព្រឹត្តទៅផងដែរ នៅក្នុងសភាអឺរ៉ុប ជុំវិញបញ្ហានេះ កាលពីថ្ងៃពុធ (ទី១២ ខែមីនា)។
សមាជិកសភាអឺរ៉ុប លោក Sandro Gozi បានប្រាប់សារព័ត៌មាន Euronews ថា៖ «មានរដ្ឋាភិបាលជាច្រើនពាក់ព័ន្ធជាពិសេស ចំពោះបញ្ហានេះ។ រួមជាមួយធនាគារកណ្តាលអឺរ៉ុប និងស្ថាប័នសហភាពអឺរ៉ុបផ្សេងទៀត ពួកគេកំពុងធ្វើការដើម្បីផ្ទៀងផ្ទាត់ថា តើលទ្ធភាពផ្នែកច្បាប់ និងហិរញ្ញវត្ថុមានអ្វីខ្លះ។ វាច្បាស់ណាស់ថា ប្រសិនបើគ្មានហានិភ័យទីផ្សារ និងផ្លូវច្បាប់ ដែលនឹងកើតចេញពីការរឹបអូសមូលនិធិរុស្ស៊ីនេះទេ យើងនឹងជំរុញឲ្យមានការអនុវត្តភ្លាមៗ»។
បើទោះបីជាការរឹបអូសយកប្រាក់ចំណេញពីទ្រព្យសម្បត្តិទាំងនេះ ជាគំនិតផ្តួចផ្តើមមានតម្លៃ ៣ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ បង្ហាញពីភាពស្ទើរគ្មានហានិភ័យក៏ដោយ ក៏អ្នកខ្លះជឿថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី អាចគំរាមកំហែងដល់ទំនុកចិត្តរបស់អ្នកវិនិយោគបរទេស ចំពោះរូបិយប័ណ្ណរបស់ប្លុកនេះ៕

