អង្គភាពស៊ើបអង្កេតយោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) នេះ បានចោទប្រកាន់អ្នកបើកយន្តហោះរបស់កងទ័ពអាកាស ២រូប ពីបទធ្វេសប្រហែសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកដោយចៃដន្យ នៅភូមិមួយ កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលសមយុទ្ធហ្វឹកហ្វឺន ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់ រងរបួស និងបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។
ទីបញ្ជាការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គភាពស៊ើបអង្កេតរបស់ក្រសួង បានបញ្ជាក់ថា កំហុសរបស់អ្នកបើកយន្តហោះ នៅពេលដែលពួកគេបានបញ្ចូលព័ត៌មានទីតាំងខុសទៅក្នុងប្រព័ន្ធរបស់យន្តហោះ គឺជា «កត្តាចម្បង» នៅពីក្រោយការទម្លាក់គ្រាប់បែកដោយចៃដន្យនេះ។

ទីបញ្ជាការនេះបានបញ្ជាក់ថា អ្នកបើកយន្តហោះត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសព្រហ្មទណ្ឌ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ ដោយបន្ថែមថា ការស៊ើបអង្កេត ជុំវិញឧបទ្ទវហេតុនេះ កំពុងបន្តធ្វើ។
គួររំលឹកថា គ្រាប់បែកចំនួន ៨គ្រាប់ ត្រូវបានទម្លាក់ពីយន្តហោះចម្បាំង ២គ្រឿង ដោយមិនមានកំណត់គោលដៅ ហើយបានធ្លាក់ចំភូមិមួយ ក្នុងទីក្រុង Pocheon ក្បែរព្រំដែនជាមួយកូរ៉េខាងជើង ក្នុងអំឡុងពេលធ្វើសមយុទ្ធបាញ់គ្រាប់ពិត៕


