ក្រុមហ៊ុនផលិតអាវុធដ៏ធំជាងគេបំផុតរបស់អាល្លឺម៉ង់ គឺ Rheinmetall កាលពីថ្ងៃពុធ (ទី១១ ខែមីនា) បានប្រាប់ឲ្យដឹងថា ផែនការរបស់បណ្តាប្រទេស នៅអឺរ៉ុប ក្នុងការបង្កើនការចំណាយរបស់ពួកគេ លើវិស័យការពារជាតិ គឺជាឱកាសពិសេសដែលមិនធ្លាប់មានពីមុនមក ដើម្បីពង្រីកអាជីវកម្ម។
បណ្ដារដ្ឋធានីអឺរ៉ុប បានប្រកាសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា ពួកគេមានបំណងបង្កើនការចំណាយលើវិស័យការពារជាតិ ខណៈដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Donald Trump ទំនងជាអាចបោះបង់ចោលការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួន ក្នុងការផ្ដល់សន្តិសុខដល់ទ្វីបនេះ។

ក្រោយមានការកំណត់គោលដៅចំណាយនេះ ក្រុមហ៊ុនអាល្លឺម៉ង់បានលើកឡើងថា ខ្លួនរំពឹងថា នឹងមានការកើនឡើងនូវតម្រូវការខ្ពស់ខ្លាំង សម្រាប់ផលិតផលរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយនឹងការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Rheinmetall នាយកប្រតិបត្តិ លោក Armin Papperger បានប្រាប់ថា៖ «យុគសម័យនៃការបង្កើនគ្រឿងយុទ្ធោបករណ៍ បានចាប់ផ្តើមហើយនៅក្នុងទ្វីបអឺរ៉ុប ដែលនឹងទាមទារយ៉ាងច្រើនពីយើងទាំងអស់គ្នា»។
លោក Papperger បានបន្ថែមថា គម្រោងនៃការអភិវឌ្ឍនេះ បានបង្កើតឱកាសរីកចម្រើនផ្នែកពាណិជ្ជកម្ម នៅប៉ុន្មានឆ្នាំខាងមុខ ក្នុងកម្រិតមួយដែលក្រុមហ៊ុនមិនធ្លាប់ទទួលបានពីមុនមក។
ជាមួយគ្នានេះ ក្រុមហ៊ុន Rheinmetall ក៏រំពឹងដែរថា ការលក់សរុប នឹងកើនឡើងពី ២៥ភាគរយ ទៅ ៣០ភាគរយ នៅឆ្នាំ២០២៥ ក្នុងអំឡុងពេលមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការដកខ្លួនបន្តិចម្តងៗរបស់សហរដ្ឋអាមេរិកចេញពីការពាក់ព័ន្ធនឹងការពារទ្វីបអឺរ៉ុប៕

