នាយកប្រតិបត្តិក្រុមហ៊ុន Blackstone លោក Stephen Schwarzman កាលពីថ្ងៃពុធ (ទី១២ ខែមីនា) បាននិយាយថា នយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អាចជួយជំរុញដល់សកម្មភាពផលិតកម្ម នៅសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក។
ការផ្តោតលើពន្ធរបស់លោក Trump ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា បានផ្ដល់ភាពរំជើបរំជួលដល់វិនិយោគិន អ្នកប្រើប្រាស់ និងទំនុកចិត្តលើអាជីវកម្ម ហើយអ្នកជំនាញសេដ្ឋកិច្ច បានសម្តែងនូវក្ដីបារម្ភ អំពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលអាចផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចសកល។
តែយ៉ាងណាក្ដី នៅទីក្រុង Mumbai ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី២០ របស់ក្រុមហ៊ុន Blackstone នៅក្នុងប្រទេសឥណ្ឌា លោក Schwarzman ដែលជាម្ចាស់ជំនួយដ៏យូរអង្វែងរបស់លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានថា លោករំពឹងថា ការចរចាពាក់ព័ន្ធនឹងពន្ធ រវាងឥណ្ឌា និងអាមេរិក នឹងប្រព្រឹត្តទៅដោយរលូន ជាងការចរចាជាមួយប្រទេសផ្សេងទៀត បន្ទាប់ពីមានជំនួប រវាងនាយករដ្ឋមន្ត្រី លោក Narendra Modi និងលោក Trump កាលពីខែមុន។
នៅពេលត្រូវបានសួរ អំពីផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើសណ្ដាប់ធ្នាប់ភូមិសាស្ត្រនយោបាយ លោកបានឆ្លើយថា ចុងក្រោយ លទ្ធផលនឹងនាំឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់នូវសកម្មភាពផលិតកម្ម នៅសហរដ្ឋអាមេរិក។
លោក Schwarzman បាននិយាយថា៖ «ដោយគិតពីទំហំរបស់សហរដ្ឋអាមេរិក វាទំនងជារឿងល្អ សម្រាប់ពិភពលោក»។ បើទោះបីជាលោកមិនបានប្រាប់សេចក្ដីលម្អិត អំពីវិស័យណាដែលអាចទទួលបានអត្ថប្រយោជន៍ និងអំពីរបៀបដែលពន្ធនឹងជួយជំរុញក៏ដោយ ក៏លោកបានបន្ថែមថា៖ «អ្នកមិនដឹងថា តើទាំងអស់នេះ នឹងដំណើរការដោយរបៀបណា និងថា តើការប្រកាសដំបូង អាចនាំឲ្យមានការប្រែប្រួលជាក់ស្តែងយ៉ាងដូចម្ដេច»។
សូមបញ្ជាក់ថា លោក Trump បានដំឡើងពន្ធ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទៅកាន់សហរដ្ឋអាមេរិក ហើយកំពុងរៀបចំវិធានការបន្ថែមទៀត៕