មន្ត្រីបាននិយាយថា ការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន បានបន្តកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានដកចេញការផ្អាកជំនួយយោធាសម្រាប់ទីក្រុង Kyiv ក្នុងការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ហើយក្រុមមន្ត្រី បានរង់ចាំការឆ្លើយតបរបស់វិមានក្រឹមឡាំង ចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលត្រូវបានព្រមព្រៀងដោយអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វាជារឿងសំខាន់ ដែលមិនត្រូវដើរលឿនពេកចំពោះបញ្ហាការឆ្លើយតបទៅនឹងបទឈប់បាញ់ ដែលត្រូវបានស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន។ លោកបានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្គូ កំពុងរង់ចាំ «ព័ត៌មានលម្អិត» ពីសហរដ្ឋអាមេរិក។ វិមានក្រឹមឡាំង កាលពីពេលមុន បានជំទាស់ទៅនឹងរឿងរ៉ាវគ្រប់យ៉ាងភ្លាមៗនៃការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ ហើយមិនទទួលយកសម្បទានណាមួយឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចង់បញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំមកនេះ និងបានដាក់សម្ពាធើលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យចូលរួមក្នុងកិច្ចពិភាក្សា។ ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពី លោក Zelenskyy និង លោក Trump បានឈ្លោះប្រកែកគ្នានៅក្នុងជំនួបដ៏តានតឹងនៅសេតវិមាន។
ការសម្រេចចិត្តរបស់រដ្ឋបាលលោកTrump ក្នុងការផ្តល់ជំនួយយោធាជាថ្មី មានឡើងបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានបង្ហាញពីការកែប្រែជំហរយ៉ាងខ្លាំង។