ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យថា សក្តានុពលក្នុងការវិនិយោគលើវិស័យអចលទ្រព្យនៅកម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជានៅតែទទួលបានឱកាសនៃប្រាក់ចំណូលខ្ពស់ ព្រោះតម្លៃអចលនទ្រព្យនៅកម្ពុជា ធៀបទៅនឹងបណ្តាលប្រទេសផ្សេងៗ ក្នុងអាស៊ាន នៅមានកម្រិតតម្លៃទាបនៅឡើយ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាប្រធានសមាគមអចលនទ្រព្យអាស៊ាន ថ្លែងលើកឡើង នៅក្នុងសន្និសីទសាព័ត៌មាន ស្តីពីការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩" នៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០២១ ថា នៅក្នុងស្ថានភាពនៃវិបត្តិ ជម្ងឺកូវីដ១៩ នេះ ប្រទេសក្នុងអាស៊ានដូចជា ប្រទេសថៃ សឹង្គហ្គាពួរ និង ប្រទេសវៀតណាមជាដើម បានប្រឈមនឹងវិបត្តិនេះយ៉ាងខ្លាំង ក្នុងនោះចំពោះទីផ្សារអចលទ្រព្យ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។
ចំណែកប្រទេសដែលស្តារ និងអភិវឌ្ឍន៍មកវិញលឿន, ក្នុងនោះប្រទេសសឹង្ហហ្គាពួរ គឺជាប្រទេសទី១ នៅក្នុងអាស៊ាន ដែលបានគ្រប់គ្រងស្ថានភាពនៃវិបត្តិជម្ងឺកូវីដបានល្អប្រសើរ។ ចំណែកកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏បានគ្រប់គ្រង និងទប់ស្កាត់ នៃការរីករាលជម្ងឺនេះបានល្អប្រសើរផងដែរ តាមរយៈនៃវិធានការទាំងនេះ ចំពោះការអភិវឌ្ឍវិស័យអចលទ្រព្យ យើងរំពឹងថា នៅក្នុងឆ្នាំ២០២២ វិស័យនេះនឹងមានភាពប្រសើរឡើង ជាពិសេសវិស័យដីធ្លី និងសំណង់ គឺគាំទ្រដោយវិនិយោគិនបរទេស និងអ្នកវិនិយោគក្នុងស្រុក ស្របពេលកម្ពុជាបានបើកប្រទេសឡើងវិញ ដោយយើងរំពឹងថា សក្តានុពលក្នុងការវិនិយោគលើវិស័យ អចលទ្រព្យនៅកម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជានៅតែទទួលបានឱកាសប្រាក់ចំណូលខ្ពស់ ព្រោះតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាប។
ជុំវិញការអភិវឌ្ឍន៍, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា ទោះបីយើងនៅប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់និងជម្ងឺកូវីដក៏ដោយ តំបន់អាស៊ាននៅតែមានសក្តានុពល និងដើរតួនាទី យ៉ាងសំខាន់ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ឱ្យងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន ។
ក្នុងបរិកាណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវទស្សនវិជ្ជា នៃការខិតខំប្រែក្លាយ វិបត្តិចំពោះមុខ ឱ្យទៅជាកាលានុវត្តភាព សម្រាប់ជំរុញកិច្ចការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាអនាគត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា អ្នកវាយតម្លៃអចលនវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ នៅក្នុងប្រទេសនិងក្នុងតំបន់ តាមរយៈយន្តការនៃសមាជ អ្នកវាយតម្លៃអចលនវត្ថុអាស៊ាននេះ, កិច្ចសហប្រតិបត្តិការ, ការសិក្សាស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោមអ្នកចូលរួម នឹងអាចក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំច្បាប់, បទប្បញ្ញត្តិ, និងគោលនយោបាយ ពាក់ព័ន្ធវិស័យអចលនវត្ថុ នៅក្នុងប្រទេសសមាជិកទាំងអស់, ពិសេសនៅកម្ពុជាផ្ទាល់តែម្តង សំដៅកែលម្អបរិយាកាសផ្តល់សេវាកម្ម ក្នុងទីផ្សារអចលនវត្ថុ ក្នុងប្រទេសរបស់ខ្លួន និងក្នុងតំបន់ ឱ្យកាន់តែប្រសើរថែមទៀត ដែលនេះគឺជាបុព្វលក្ខខណ្ឌ រួមមិនអាចខ្វះបានសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕
អត្ថបទ៖ សុន រ៉ាឌី,