អង្គការសហប្រជាជាតិ និងដៃគូនានា បានប្រមូលកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ ដើម្បីជួយប្រជាជននៅទីក្រុង Latakia ភាគខាងលិចប្រទេសស៊ីរី ដើម្បីសង្គ្រោះឡើងវិញពីអំពើហិង្សា កាលពីពេលថ្មីៗនេះ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការដាច់ចរន្តអគ្គិសនី នៅតែបន្តនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុង Latakia។ ការចែកចាយទឹកស្អាត បានរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនី ភាគច្រើននៅតំបន់ជនបទ។
សាលារៀននៅទីក្រុង Latakia និងក្រុង Tartous នៅតែត្រូវបានផ្អាក។ ហាងនំប៉័ង បានដំណើរការ ហើយហាងជាច្រើនទៀតក៏កំពុងបើកដំណើរការឡើងវិញ ទោះបីជាសម្ភារៈសំខាន់ៗ និងប្រេងឥន្ធនៈ នៅតែខ្វះក៏ដោយ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានផ្គត់ផ្គង់ទឹកស្អាត៣៨តោនដល់អាជ្ញាធរធនធានទឹករបស់ទីក្រុង Latakia ដែលបានបម្រើតម្រូវការច្រើនរយៈពេលជាងពីរខែមកនេះ។
អង្គការ OCHA បាននិយាយថា ជំនួយឆ្លងព្រំដែនពីប្រទេសទួរគី ទៅកាន់ភាគពាយព្យប្រទេសស៊ីរី នៅបន្តដោយមានរថយន្តដឹកជំនួយចំនួន ៣១ គ្រឿង មកពីកម្មវិធីស្បៀងអាហារពិភពលោក(WFP) អង្គការទេសន្តប្រវេសន៍អន្តរជាតិ និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ កំពុងឆ្លងកាត់នៅតំបន់ Bab al-Hawa ដើម្បីដឹកជញ្ជូនការផ្គត់ផ្គង់ជំនួយជាង៦០០តោន រួមមានអាហារ សម្ភារៈជួសជុលទីជម្រក និងសម្ភារៈអនាម័យ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រទេសស៊ីរី មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា មនុស្សជិត១.៥០០នាក់ រួមទាំងជនស៊ីវិលជាង១.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការកើនឡើងអំពើហិង្សានៅក្នុងតំបន់ឆ្នេរ ចាប់តាំងពីសប្តាហ៍មុន។