ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Naples និងទីក្រុងជិតខាង បានចំណាយពេលយប់នៅកណ្តាលវាល នាថ្ងៃព្រហស្បតិ៍ ក្រោយការរញ្ជួយដីកាលពីយប់រំលងអធ្រាត្រកន្លងទៅ បានអង្រួនតំបន់ភាគខាងត្បូងប្រទេសអ៊ីតាលី ធ្វើឲ្យរង្គើរអគារ កាត់ផ្តាច់ចរន្តអគ្គិសនី ហើយធ្វើឲ្យអ្នកស្រុកភ័យស្លន់ស្លោក រត់ទៅរកផ្លូវ ។
យោងតាមវិទ្យាស្ថានជាតិភូគព្ភសាស្ត្រ និងភ្នំភ្លើង(INGV)របស់អ៊ីតាលី បានឲ្យដឹងថា ការរញ្ជួយដីនេះ បានកើតមានឡើងនៅវេលាម៉ោង ១ និង ២៥នាទីយប់រំលងអធ្រាត្រ ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍ ក្នុងកម្រិត ៤,៤រ៉ិចទ័រ ។
ការរញ្ជួយដីនេះ កើតឡើងក្នុងជម្រៅដីរាក់ ៣គ.ម ហើយមន្ទីរស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក រកឃើញកម្រិតទាបជាងនេះ ៤,២រ៉ិចទ័រ ក្នុងជម្រៅដី ១០គ.ម ។
ក្រុមអាជ្ញាធរ បញ្ជាក់ថា ចំណុចកណ្តាលស្ថិតនៅជិតទីក្រុងតំបន់ឆ្នេរ Pozzuoli ភាគខាងលិចទីក្រុង Naples ហើយក្រុមសង្រ្គោះបន្ទាន់ក្នុងស្រុក បានជួយសង្រ្គោះមនុស្សម្នាក់ពីកម្ទេចកម្ទីអគារផ្ទះបាក់ដោយផ្នែក ។
ដោយឡែក រលករញ្ជួយស្រាលៗជាច្រើន បានកើតមានផងដែរ ធ្វើឲ្យក្តីកង្វល់កើនឡើងនៅក្នុងចំណោមអ្នកស្រុក ។ ការដាច់ចរន្តអគ្គិសនី ត្រូវបានរាយការណ៍នៅតាមតំបន់ជាច្រើនក្នុងទីក្រុង Naples ហើយគ្រួសារជាច្រើន សម្រេចចិត្តស្នាក់នៅខាងក្រៅ ឬក្នុងរថយន្តរបស់ពួកគេ ដោយភ័យខ្លាចមានការរញ្ជួយដីបន្ថែមទៀត ៕