ប្រទេសអេហ្ស៊ីប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានកោតសរសើរចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការមិនទាមទារឲ្យប្រជាជននៅតំបន់ហ្កាហ្សា ចាកចេញពីតំបន់នេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។
លោក ត្រាំ បាននិយាយកាលពីថ្ងៃពុធថា៖«គ្មាននរណាម្នាក់ កំពុងបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សាទេ» នៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយ ក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន ជាមួយនាយករដ្ឋមន្រ្តីអៀរឡង់លោក Micheál Martin ។
ក្រសួងការបរទេសអេហ្ស៊ីប បានបន្ថែមថា៖«ជំហរនេះឆ្លុះបញ្ចាំងឲ្យឃើញពីការយល់ដឹងអំពីតម្រូវការ ក្នុងការទប់ស្កាត់ស្ថានភាពមនុស្សធម៌នៅហ្កាហ្សាមិនឲ្យយ៉ាប់យឺនថែមទៀត និងសារៈសំខាន់នៃការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងយុត្តិធម៌ ចំពោះបញ្ហាប៉ាឡេស្ទីន»។
លោក ត្រំ បានស្នើឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សា ជាកន្លែងដែលការវាយលុកយោធារបស់ អ៊ីស្រាអែល ក្នុងរយៈពេល ១៧ខែ ចុងក្រោយនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ បន្ទាប់ពីបានស្នើថា ប្រជាជនប៉ាឡេស្ទីន នៅក្នុងដែនដីនេះ គួរតែត្រូវបានផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានធ្វើការវាយឆ្មក់ឆ្លងព្រំដែន ចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដែលបង្កឲ្យមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កា ហ្សាស្ទ្រីប។