រូបភាពវីដេអូឃ្លីប ថតបានពីកន្លែងកើតហេតុឃើញ ផ្ទះរាបដល់ដី ដើមឈើបាក់រលំ និងកម្ទេចកម្ទីរាយប៉ាយពាសពេញផ្លូវ ក្រោយការឆ្លងកាត់របស់ព្យុះកួចនៅស្រុក Seminole រដ្ឋ Florida សហរដ្ឋអាមេរិក ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំង និងកាលបរិច្ឆេតនៃការថតវីដេអូ តាមរយៈការបញ្ជាក់ស្ថានភាពអាកាសធាតុពីសេចក្តីរាយការណ៍របស់រដ្ឋាភិបាល ។
សេវាកម្មឧតុនិយមជាតិ រាយការណ៍ថា ព្យុះកួច EF-2 បានវាយប្រហារស្រុក Seminole រដ្ឋ Florida សហរដ្ឋអាមេរិក ។
យោងតាមសេចក្តីរាយការណ៍ពីប៉ុស្តិ៍ឧតុនិយម បានឲ្យដឹងថា ព្យុះកួចបានកើតមានឡើងនៅវេលាម៉ោង ៩ និង ៣០នាទី ម៉ោងក្នុងស្រុក ជាមួយនឹងកម្លាំងខ្យល់កួចជាង ១៩០គ.មក្នុង ១ម៉ោង ។ វាបានធ្វើរថយន្តសណ្តោងមួយគ្រឿងក្រឡាប់ផ្ងារពោះនៅតំបន់ក្រុង Lake Mary និងកម្ទេចផ្ទះមួយខ្នងរាបដល់ដីនៅទីក្រុង Longwood ។
ព្យុះកួចនេះដែរ បណ្តាលឲ្យមានការខូចខាតច្រើន ក្នុងនោះផ្ទះជាច្រើនខ្នង បានរងផលប៉ះពាល់ ហើយដើមឈើរំលើងគល់នៅទូទាំងតំបន់ ៕