ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងទួរគី បានសម្លាប់ពួកសកម្មប្រយុទ្ធឃឺដចំនួន ២៤នាក់ នៅភាគខាងជើងអ៊ីរ៉ាក់ និងក្នុងប្រទេសស៊ីរី រយៈពេល ១សប្តាហ៍កន្លងមកនេះ ដោយបានបន្តការវាយប្រហារ ក្នុងតំបន់ បន្ទាប់ពីមានការអំពាវនាវឲ្យរំសាយអាវុធពីមេដឹកនាំគណបបក្សពលករឃឺដ (PKK) និងកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ រវាងកងកម្លាំងឃឺដដែលគាំទ្រដោយសហរដ្ឋអាមេរិក និងទីក្រុងដាម៉ាស។
អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងអង់ការ៉ា ប្រភពពីក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចព្រមព្រៀង រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃឺដ និងទីក្រុងដាម៉ាស មិនបានផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់ទួរគី ក្នុងការប្រឆាំងនឹងអំពើភេរវកម្ម នៅស៊ីរីនោះទេ ហើយថា ខ្លួននៅតែទាមទារឲ្យកងជីវពល YPG ដែលដឹកនាំក្រុម SDF ត្រូវរំសាយក្រុម និងដកហូតអាវុធ។
ទួរគីចាត់ទុកក្រុម SDF ដែលគ្រប់គ្រងភាគច្រើននៃតំបន់ភាគឦសានស៊ីរី ជាក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធមិនស្របច្បាប់ PKK ដែលបានបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រឆាំងនឹងរដ្ឋទួរគី។ ទីក្រុងអង់ការ៉ា បានអនុវត្តការវាយលុកឆ្លងព្រំដែនជាច្រើនដងប្រឆាំងនឹងក្រុមនេះ។
មេដឹកនាំ PKK ដែលជាប់ពន្ធនាគារនៅទួរគី បានអំពាវនាវឲ្យក្រុមនេះរំសាយអាវុធ កាលពីខែមុន។ ក្រុមនេះ មានមូលដ្ឋាននៅភាគខាងជើងអ៊ីរ៉ាក់៕