បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United នឹងប្រកាសអ្នកចាត់ការបណ្តោះអាសន្នរបស់ខ្លួននៅពេលឆាប់ៗនេះហើយគឺលោក Ralf Rangnick ដែលនឹងចុះហត្ថលេខាដឹកនាំក្លិបនៅ Old Trafford ក្នុងកិច្ចសន្យា ៦ខែ។ បុរសវ័យ ៦៣ឆ្នាំរូបនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester United ហើយនៅឡើយតែសាមីក្លិបរបស់គាត់គឺក្លិបរុស្ស៊ី Lokomotiv Moscow ដែលបច្ចុប្បន្នលោកគឺជាប្រធានផ្នែកអភិវឌ្ឍកីឡាប្រចាំក្លិប។
រយៈពេល ៣រដូវកាលគ្មានឈ្នះពានអ្វីសោះក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer បានបញ្ចប់ត្រឹមចុងសប្តាហ៍មុនក្រោយ Manchester United ចាញ់ Watford ៤-១។ តើហេតុអ្វី Manchester United សំរេចជ្រើសរើសយកលោក Ralf Rangnick អ្នកដឹកនាំបណ្តោះអាសន្ន? លោក Ralf Rangnick ធ្លាប់ដឹកនាំក្លិបអាល្លឺម៉ង់ Schalke 04 ឈ្នះជើងឯក German Cup នៅឆ្នាំ២០១១ និងធ្លាប់ដឹកនាំ RB Leipzig ផងដែរ។ ជាពិសេសទៅទៀតនៅឆ្នាំ២០១១ នោះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានដឹកនាំ Schalke ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League តែចាញ់ Manchester United សរុបទាំងពីរជើង ៦-១ មុនពេលដែល Manchester United ឡើងទៅចាញ់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រ។ លោក Ralf Rangnick ធ្លាប់មានប្រវត្តិដឹកនាំក្លិបជាច្រើន តែសុទ្ធតែជាក្លិបអាល្លឺម៉ង់មានដូចជា Stuttgart, Hannover, Hoffenheim, Schalke04 និង RB Leipzig ជាដើម៕
អត្ថបទ៖នាង សុភាវុធ