អ្នកជំនួញរុស្ស៊ី ២រូប បានប្រាប់សារព័ត៌មានរ៉យទ័រ Reuters ថា ប្រទេសរុស្ស៊ីកំពុងស្នើឲ្យក្រុមហ៊ុននានា លើកឡើងពីទណ្ឌកម្មណាដែលទីក្រុងមូស្គូ គួរតែស្វែងរកការលើកលែង នៅមុនកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ដោយអ្នកទាំង២ បានបន្ថែមការទប់ស្កាត់ដែលរារាំងលំហូរទូទាត់ឆ្លងព្រំដែន គឺជាការខាតបង់ធ្ងន់ធ្ងរបំផុត។
កាលពីថ្ងៃអង្គារ (ទី១១ ខែមីនា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា វាគឺជាពេលវេលារបស់រុស្ស៊ី ក្នុងការឆ្លើយតប បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមបន្តការចែករំលែកជំនួយយោធា និងការស៊ើបការណ៍សម្ងាត់ជាមួយទីក្រុងគីវ ដែលបាននិយាយថា ខ្លួននឹងទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ។
ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរលើទីក្រុងមូស្គូ ប្រសិនបើការចរចាបរាជ័យ ប៉ុន្តែបន្ធូរបន្ថយទណ្ឌកម្ម ប្រសិនបើរុស្ស៊ីយល់ព្រមទទួលយកបទឈប់បាញ់ នៅអ៊ុយក្រែន។
ប្រភពឧស្សាហកម្មរុស្ស៊ីចំនួន ២រូប បាននិយាយថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម កំពុងស្នើឲ្យក្រុមហ៊ុននានាផ្តល់យោបល់ថា តើទណ្ឌកម្មណាមួយដែលត្រូវការជាបន្ទាន់បំផុត ដើម្បីឲ្យលុបចោល។
មនុស្សម្នាក់ បាននិយាយថា ក្រសួងកំពុងចែកចាយទម្រង់បែបបទ សម្រាប់អាជីវកម្ម ដើម្បីបំពេញ ដោយសួរក្រុមហ៊ុនណាដែលទណ្ឌកម្ម បានប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេច្រើនបំផុត និងបង្ហាញនូវការរឹតបន្តឹងដ៏រសើបបំផុត។
សារព័ត៌មាន Reuters មិនអាចមានលទ្ធភាពទទួលបានច្បាប់ចម្លងនៃទម្រង់បែបបទនេះទេ។ ហើយក្រសួងឧស្សាហកម្មមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ៕