នៅថ្ងៃព្រហស្បតិ៍នេះ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានឡើងទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី សម្រាប់ការសាកសួរជុំវិញករណីចោទប្រកាន់ពុករលួយ និងការលាងលុយកខ្វក់ជាប់ពាក់ព័ន្ធនឹងគម្រោងផ្សព្វផ្សាយផ្តល់មូលនិធិដោយរដ្ឋាភិបាល អំឡុងពេលស្ថិតក្រោមរដ្ឋបាលរបស់លោក ។
កាលពីមុន ក្រុមស៊ើបអង្កេតប្រឆាំងអំពើពុករលួយ បានសាកសួររូបលោកកាលពីខែមករា ឆ្នាំមុន ដោយពិនិត្យមើលអំណះអំណាងថា លោកបានធ្វើខុសពាក់ព័ន្ធនឹងប្រាក់ ១៥៧លានដុល្លារ ចំណាយលើគម្រោងផ្សព្វផ្សាយរបស់រដ្ឋាភិបាល អំឡុងរដ្ឋបាលរបស់លោក ។
លោក Ismail ចំណាយពេលប្រហែល ៥ម៉ោង ក្នុងការផ្តល់សេចក្តីថ្លែងការណ៍ដល់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយនៅទីស្នាក់កណ្តាលរបស់ពួកគេស្ថិតក្នុងទីក្រុង Putrajaya ហើយប្រភពព័ត៌មានពីទីភ្នាក់ងារមួយនេះ បានជូនដំណឹងប្រាប់សារព័ត៌មានក្នុងស្រុកថា អតីតនាយករដ្ឋមន្រ្តីរូបនេះ នឹងត្រូវកោះហោះម្តងទៀតនៅថ្ងៃសុក្រស្អែក ។
ទីភ្នាក់ងារបន្តទៀតថា ពួកគេបានឃាត់ខ្លួនផងដែរក្រុមមន្រ្តីជាន់ខ្ពស់ ៤នាក់ ដែលធ្លាប់បម្រើការឲ្យលោក Ismail Sabri ហើយនិងបានវាយឆ្មក់លើទីតាំង ៤កន្លែង ក្នុងនោះប្រាក់ ៣៨,៣៤លានដុល្លារ ដែលជារូបិយប័ណ្ណផ្សេងៗគ្នា និងមាសទម្ងន់ ១៦គ.ក ត្រូវបានរឹបអូស បន្ទាប់ពីការវាយឆ្មក់នេះ ៕