ភ្នំពេញ ៖ នៅថ្ងៃទី២៥-២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13)។
ក្នុងឱកាសនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៊ី-អឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹតិ្តការណ៍អមផ្លូវការមួយ ក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀត នៃ ASEM 13 ដោយបង្ហាញពីភាពចម្រុះ នៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។
មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ក្រោមចំណងជើងថា «អាស៊ី និងអឺរ៉ុប៖ ចំណង វប្បធម៌» គឺជាមហោស្រពសិល្បៈចម្រុះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងតាមប្រព័ន្ធអនឡាញ។
នៅល្ងាចថ្ងៃទី២៦ ខែវិចិ្ឆកានេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងថ្លែងសន្ទរកថា បិទព្រឹតិ្តការណ៍មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ តាមប្រព័ន្ធអនឡាញផងដែរ។ ដោយឡែកការតាំងពិព័រណ៍ នៅក្នុងសារមនី្ទរជាតិ ចាប់ផ្តើមពីថ្ងៃទី២២ ខែវិចិ្ឆកា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទើបបិទបញ្ចប់ការតាំងពិព័រណ៍។ ដូច្នេះសូមភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលទស្សនាដោយឥតគិតថ្លៃ។ និយាយដោយឡែកក្រោយពីការថ្លែងបិទព្រឹតិ្តការណ៍មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប លើកទី១៣ យើងក៏រងចាំមើលថាតើប្រទេសណាទៀត ដែលត្រូវបន្តវេណរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៤(ASEM 14)។
នៅឆ្នាំនេះ ព្រឹតិ្តការណ៍ជាង៣០ ដែលមានសិល្បករអាស៊ី និងអឺរ៉ុប ជាង១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិត ដ៏អស្ចារ្យពីអាស៊ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រី្ត ការតាំងពិព័រណ៍ និងវេទិការជជែកពិភាក្សា៕
អត្ថបទ ៖ រដ្ឋា
