លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាន់ជំហររយ៉ាងម៉ឺងម៉ាត់លើគោលនយោបាយដំឡើងពន្ធរបស់លោក ប៉ុន្មានម៉ោងបន្ទាប់ពីការគំរាមបង្កើនកម្ដៅនៃសង្គ្រាមពាណិជ្ជកម្មសកលជាមួយនឹងការដំឡើងពន្ធ២០០% លើស្រាសំាំប៉ាញ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតពីសហភាពអឺរ៉ុប។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនកែប្រែជំហរសោះឡើយ។ នៅពេលត្រូវបានសួរថាតើលោកនឹងពិចារណាឡើងវិញចំពោះជុំនៃការដំឡើងពន្ធថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសានោះដែរទេ លោកTrump បានផ្តល់ចម្លើយមួយម៉ាត់ថា "ទេ" ។

ការគំរាមដំឡើងពន្ធបន្ថែមរបស់សហរដ្ឋអាមេរិកបានកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសពីផែនការដំឡើងពន្ធលើទំនិញអាមេរិកដែលមានតម្លៃ ២៨ ពាន់លានដុល្លារ រួមទាំងការដំឡើងពន្ធ ៥០% លើស្រាវីស្គី។ ការដំឡើងពន្ធទាំងនោះ គឺជាការឆ្លើយតបចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។
លោក Trump បានអំពាវនាវឱ្យ សហភាពអឺរ៉ុប ទម្លាក់ពន្ធលើស្រាវីស្គី ដោយនិយាយថា បើមិនដូច្នេះទេ សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងភ្លាមៗពីសហភាពអឺរ៉ុប។

លោក Trump បានរិះគន់សហភាពអឺរ៉ុបយ៉ាងខ្លាំងដោយហៅប្លុកនេះថាជាក្រុមអាជ្ញាធរពន្ធដ៏មានអរិភាពបំផុត និងរំលោភបំពានធ្ងន់ធ្ងរបំផុតលើពន្ធនៅក្នុងពិភពលោក៕