ក្នុងឱកាស អញ្ជើញស្រោស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន ៦ ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះជាសក្ខីកម្មថ្មី បង្ហាញយ៉ាងច្បាស់នៃការរីកចម្រើនខាងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយសទ្ធាជ្រះថ្លា, ញ៉ាំងឱ្យព្រះរាជពិធីនេះ មានភាពអធិកអធម ស័ក្តិសមនឹងព្រះកិត្តិគុណរបស់សម្តេចជាអម្ចាស់គ្រប់ព្រះអង្គ។
សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា ដូចដែលលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានរំលេចនៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ថ្វាយ-ប្រគេន និងជូនអង្គពិធី។
សម្តេចធិបតី ថ្លែងថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។
សូមជម្រាបថា ព្រះរាជពិធីអភិសេក ឬស្រោចស្រពព្រះសុគន្ធវារីនេះ ជាបវេណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិដ៏ល្អ ផូរផង់ ដែលមានអត្ថន័យសំដៅទៅលើការថែរក្សា និងលើកកម្ពស់គុណធម៌ សីលធម៌ ប្រពៃណីជាតិ តាមរយៈការបណ្តុះ នូវវប្បធម៌កតញ្ញូ មេត្តា ករុណា និងបំពេញកុសលកម្មផ្សេងៗ ដែលជាគុណតម្លៃដ៏សំខាន់ ដើម្បីរួមចំណែកធ្វើឱ្យមានភាពសុខដុមរមនា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ វ៉ន ដារ៉ា