ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានអំពាវនាវនៅថ្ងៃសុក្រ (១៤ មីនា) នេះ ឱ្យប្រទេសជាតិមានភាពស្ងប់ស្ងាត់ ហើយគោរព និងទទួលយកការសម្រេចណាមួយ នៅមុនពេលសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញ លើសំណុំរឿងចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

លោក Choi ក៏បាននិយាយផងដែរថា រដ្ឋាភិបាលនឹងកៀរគរធនធាននគរបាលឱ្យច្រើនបំផុតតាមដែលអាចធ្វើបានទៅកាន់ផ្នែកខ្លះនៃរដ្ឋធានីសេអ៊ូល ដោយសន្យាថា នឹងមិនអត់ឱនចំពោះទង្វើណាមួយដែលតតាំងនឹងអាជ្ញាធរសាធារណៈឡើយ។ ជាមួយគ្នានេះ សន្តិសុខកំពុងត្រូវបានរឹតបន្តឹងខ្លាំងនៅជុំវិញតុលាការ រួមទាំងការហាមប្រាមមិនឱ្យបង្ហោះដ្រូននៅក្នុងតំបន់នោះ។

លោក Choi បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីថា "សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងជិតស្និទ្ធលើកូរ៉េខាងត្បូង ខណៈភាពធន់នឹងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកំពុងត្រូវបានសាកល្បង ហើយនេះមានសារៈសំខាន់ណាស់ដែលពលរដ្ឋបញ្ចេញមតិក្នុងលក្ខណៈផ្លូវច្បាប់ ដោយគោរព និងទទួលយកលទ្ធផលនៃការសម្រេចណាមួយ"។

ទាំងអ្នកគាំទ្រ និងប្រឆាំងលោក Yoon ត្រូវបានគេរំពឹងថានឹងចេញបាតុកម្មតាមដងផ្លូវដើម្បីស្តាប់សេចក្ដីសម្រេចដែលនឹងមកដល់ក្នុងរយៈពេលខាងមុខនេះ។ គួររម្លឹកថា នៅពេលដែលអ្នកគាំទ្រលោក Yoon រាប់ពាន់នាក់ ចេញប្រមូលផ្តុំគ្នាតវ៉ាកាលពីមុននៅជិតតុលាការធម្មនុញ្ញអំឡុងពេលសវនាការលើសំណុំរឿងរបស់លោក Yoon ពួកគេត្រូវបានហ៊ុព័ទ្ធដោយក្រុមនគរបាល និងរបាំងសន្តិសុខជាច្រើន ដើម្បីទប់ស្កាត់ភាពតានតឹង៕