មន្ត្រីអាមេរិក និងប្រភពដែលដឹងពីបញ្ហានេះបានលើកឡើងថា ក្រុមមន្ត្រីរុស្ស៊ី បានប្រាស្រ័យទាក់ទងជាមួយសមភាគីនៅទីក្រុងវ៉ាស៊ីនតោន ដោយប្រាប់ថា ពួកគេមិនចង់ឱ្យបេសកជនរុស្ស៊ី-អ៊ុយក្រែន របស់អាមេរិក គឺលោក Keith Kellogg ចូលរួមក្នុងកិច្ចភាក្សាកម្រិតខ្ពស់ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែនឡើយ។

លោក Kellogg បានអវត្តមានដោយផ្ទាល់ពីការពិភាក្សាកម្រិតខ្ពស់មួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធនឹងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ជាមួយគណៈប្រតិភូអ៊ុយក្រែន នៅអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ លោកក៏អវត្តមានក្នុងកិច្ចប្រជុំកម្រិតខ្ពស់ជាមួយភាគីរុស្ស៊ី ក្នុងអារ៉ាប៊ីសាអ៊ូឌីត កាលពីខែកុម្ភៈផងដែរ។

គេមិនច្បាស់ទេថា តើអវត្តមានរបស់លោក Kellogg នេះផ្សារភ្ជាប់ទៅនឹងសំណើមន្ត្រីរុស្ស៊ីឬយ៉ាងណា ហើយគេក៏មិនច្បាស់ដែរថា នៅពេលណាដែលសំណើនេះត្រូវបានធ្វើឡើង។ មន្ត្រីអាមេរិកនិយាយថា សំណើនេះមិនត្រូវបានយកចិត្តទុកដាក់ឡើយ ដោយលើកឡើងពីការពិតដែលថាលោក Kellogg បានបញ្ជូនសមាជិកជាន់ខ្ពស់នៃបុគ្គលិករបស់ខ្លួនទៅចូលរួមកិច្ចប្រជុំចុងក្រោយបង្អស់នៅអារ៉ាប៊ីសាអ៊ូឌីត។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក និយាយថា លោក Kellogg កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកទីបញ្ចប់ឱ្យសង្រ្គាមអ៊ុយក្រែន។ សំណើវិមានក្រឹមឡាំង ក្នុងការដកលោក Kellogg ពីកិច្ចប្រជុំសន្តិភាពអ៊ុយក្រែននេះ បានកើតឡើងខណៈអតីតមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយចំនួនត្អូញត្អែរថា តាមទស្សនៈរបស់ពួកគេ បេសកជនលោក Trump រូបនេះ មានការអាណិតអាសូរចំពោះទីក្រុងគីវខ្លាំងពេក៕