ភ្នំពេញ ៖ លោកង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទួតថ្មីវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាកសាំងបង្ការមេរោគកូវីដ១៩ ជូនដល់ប្រជាជនរបស់ ខ្លួនដោយមិនគិតថ្លៃ ហើយសម្រេចបានលទ្ធផលល្អប្រសើររហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញនោះ។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកហ៊ុយ តាំង បានលើកឡើងថា គោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបានបើកប្រទេសឱ្យដំណើរការទាំងស្រុងឡើងវិញនេះ គឺបានធ្វើឲ្យមានការទុកចិត្តរបស់អ្នកទេសចរអន្តរជាតិ។
ជាមួយគ្នានោះលោកទួត បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម ដែលអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតថេរយូរអង្វែងរវាងប្រទេសទាំងពីរ ដែលពីរមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើនយ៉ាងខ្លាំងខ្លាលើគ្រប់វិស័យនោះ។
មានប្រសាសន៍នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ បើទោះបីប្រទេសទាំងពីរប្រឈមនឹងវិបត្តិជំងឺកូវី១៩យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏ប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អ និងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកទាំងខាងសម្ភារៈ ស្មារតី ក្នុងស្មារតីជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តល្អ និងជាដៃគូល្អដដែលនោះ។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានលើកឡើងផងដែរអំពីថ្នាក់ដឹកនាំប្រទេសទាំងពីរតែងតែជួបប្រាស្រ័យទាក់ទង បានផ្ញើសារជាមួយគ្នា ដើម្បីអបអរសាទរ និងជូនពរគ្នាទៅវិញទៅមកតាមរយៈប្រព័ន្ធនិម្មិត ជាពិសេសការជួបមុខផ្ទាល់រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ នៅទីក្រុងហាន់ណូយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។នៅក្នុងកិច្ចជំនួបនេះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភាកម្ពុជា តែងតែគាំទ្រចំពោះរាល់កិច្ចព្រមព្រៀងកិច្ចសន្យា ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើជាមួយនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងថែមទាំងលើកទឹកចិត្តដើម្បីឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំធ្វើយ៉ាងណាសម្រេចឱ្យបានជាផ្លែផ្កានូវរាល់កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងអស់នោះ ក្នុងគោលដៅដើម្បីជំរុញប្រទេសទាំងពីរឱ្យមានការរីកចម្រើនផងដែរ៕
អត្ថបទ៖ បាន ចក់


