មេដឹកនាំសហភាពអឺរ៉ុប ដែលបានមកជួបប្រជុំគ្នានៅប្រទេសអាហ្រ្វិកខាងត្បូងសម្រាប់កិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលបានគ្រោងទុក នៅខែក្រោយ។ កិច្ចប្រជុំកំពូលនេះ មានគោលបំណងពង្រឹងទំនាក់ទំនងសហភាពអឺរ៉ុប-អាហ្វ្រិកខាងត្បូង ក្នុងពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោក។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយជម្លោះ។ លោក បានបង្ហាញការគាំទ្ររបស់ប្រទេសអាហ្រ្វិកខាងត្បូងចំពោះដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការសម្របសម្រួលកិច្ចសន្ទនា។

ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ដំណោះស្រាយជម្លោះដែលនៅបន្តក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងពីផលប៉ះពាល់ដ៏មហន្តរាយ លើស្ថិរភាព និងសន្តិសុខពិភពលោក។ លោកស្រី បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងផ្នែកការទូតជាថ្មី ដើម្បីសម្រេចបានសន្តិភាព។
កិច្ចប្រជុំកំពូល ក៏បានផ្តោតទៅលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដោយបណ្តាមេដឹកនាំសហភាពអឺរ៉ុបបានប្រកាសកញ្ចប់វិនិយោគចំនួន៤,៧ពាន់លានអឺរ៉ូ (៥,១០ ពាន់លានដុល្លារ) សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកប្រធានាធិបតី Zelenskiy ត្រូវបានគេមើលឃើញថាជាឱកាសដ៏សំខាន់មួយ ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព និងពង្រឹងទំនាក់ទំនងរបស់អ៊ុយក្រែន ជាមួយប្រទេសអាហ្វ្រិកខាងត្បូង និងទ្វីបអាហ្វ្រិក កាន់តែទូលំទូលាយ។